អដ្ឋកថា គាថាទី ៤

ក្បាលទី 55 · ទំព័រ 760

គប្បីជ្រាបវិនិច្ឆ័យក្នុងគាថាទី ៤ ដូចតទៅនេះ បទថា ទិស្វា បានដល់ សម្លឹងមើលហើយ ។ បទថា សុវណ្ណស្ស បានដល់ មាស ។ គប្បីបន្ថែមបាលីដ៏សេសថា វលយានិ ព្រោះនៅមានអត្ថសេសសល់ ។ បទថា បភស្សរានិ បានដល់ ចែងចាំង ជាប្រក្រតី ។ មានពាក្យអធិប្បាយថា រុងរឿង ។ ពាក្យដ៏សេស មានអត្ថនៃ បទងាយយល់ហើយ ។ តែយោជនាលម្ហិតថា អាត្មាឃើញកងដៃត្រង់ដៃ ទើបគិតថា កាលនៅរួមគ្នាជាគណៈ ការខ្ទាំងខ្ទប់រមែងមាន តែកាលបុគ្គល នៅម្នាក់ឯង ការខ្ទាំងខ្ទប់រមែងមិនមាន ទើបផ្តើមវិបស្សនា ហើយសម្រេច បច្ចេកពោធិញ្ញាណ ។ បទដ៏សេស មានន័យដូចពោលហើយនោះឯង ។ បទថា នូបុរានិ បានដល់ កងដៃ ។ អាចារ្យពួកខ្លះពោលថា និយុរា ដូច្នេះ ក៏មាន ។ បទថា ឃដ្តេន្តិ បានដល់ ប៉ះទង្គិចគ្នានឹងគ្នា ។