អដ្ឋកថា គាថាទី ៥
ក្បាលទី 55 · ទំព័រ 764
គាថាទី ៥ កាលពោលដោយបទ មានអត្ថងាយយល់ហើយ តែក្នុងទីនេះ មានអធិប្បាយដូចតទៅនេះថា កាលកុមារដែលជាសម្លាញ់នោះ ប្រាប់ថា ( ខ្ញុំ ) រងា ( ខ្ញុំ ) ក្តៅជាដើម ការចរចារបស់អាត្មាដែល លួងលោមកុមារនោះឲ្យនៅរួមគ្នាក្តី ការជាប់ជំពាក់ដោយអំណាចសេចក្តី ស្រឡាញ់ក្នុងកុមារនោះក្តី កើតហើយ ។ បើអាត្មាមិនលះកុមារ ដែលជា សម្លាញ់នេះតទៅ ការចរចាក្តី ការជាប់ជំពាក់ក្តី ជាមួយកុមារដែលជា សម្លាញ់នោះ ក៏គប្បីមានដល់អាត្មាដូចក្នុងឥឡូវនេះឯង ហេតុទាំងពីរនោះ នឹងធ្វើអន្តរាយដល់ការសម្រេចគុណវិសេស ព្រោះហេតុនោះ អាត្មាសម្លឹង ឃើញភ័យនេះ ក្នុងអនាគត ទើបលះបង់កុមារនោះ បដិបត្តិដោយឧបាយ ទើបសម្រេចបច្ចេកពោធិញ្ញាណ ដោយប្រការដូច្នេះ ។ បទដ៏សេស មាន ន័យដូចពោលហើយនោះឯង ។