អដ្ឋកថា គាថាទី ៦

ក្បាលទី 55 · ទំព័រ 772

គប្បីជ្រាបវិនិច្ឆ័យក្នុងគាថាទី ៦ ដូចតទៅនេះ បទថា កាមា បានដល់ កាម មាន ២ យ៉ាង គឺវត្ថុកាម និងកិលេសកាម ។ ក្នុងកាម ២ យ៉ាងនោះ ធម៌ មានរូបជាដើមដែល គួរពេញចិត្ត ឈ្មោះថា វត្ថុកាម ។ កិលេសទាំងឡាយ មានឆន្ទៈជាដើម ប្រភេទរាគៈទាំងអស់ ឈ្មោះថា កិលេសកាម តែក្នុងទីនេះ បំណងយក វត្ថុកាម ។ កាមទាំងឡាយ ឈ្មោះថា វិចិត្រ ក៏ដោយអំណាចដែលមានជា អនេកនៃរូបជាដើម ឈ្មោះថា មានរសឆ្ងាញ់ ដោយអំណាចធ្វើនូវការត្រេកអរ ឲ្យដល់សត្វលោក ឈ្មោះថា ជាទីត្រេកអរនៃចិត្ត ព្រោះធ្វើចិត្តរបស់បុថុជ្ជន ល្ងង់ខ្លៅឲ្យត្រេកអរ ។ បទថា វិរូបរូបេន បានដល់ ដោយរូបប្លែកៗ មាន ពាក្យអធិប្បាយថា ដោយសភាពប្លែកៗ ច្រើនយ៉ាង ។ ពិតហើយ កាមទាំងនោះ ឈ្មោះថា វិចិត្រ ក៏ដោយអំណាចនៃអារម្មណ៍ មានរូបជាដើម ឈ្មោះ ថា ដោយសភាពនៃរូបផ្សេងៗ ដោយរូបដែលមានពណ៌ខៀវជាដើម ក្នុង អារម្មណ៍ទាំងឡាយ មានរូបជាដើម រមែងសម្តែងនូវការត្រេកអរ ដោយ ប្រការនោះៗ ដោយរូបដែលប្លែកៗ នោះ យ៉ាងនោះ តែងញាំញីចិត្ត គឺមិន ឲ្យចិត្តរបស់បុគ្គលត្រេកអរក្នុងការបួស ។ បទដ៏សេស ក្នុងនិទ្ទេសនេះ ប្រាកដ ច្បាស់ហើយ សូម្បីបទសរុបក៏គប្បីប្រកបដោយ ២ បទ ឬ ៣ បទ ហើយ គប្បីជ្រាបដោយន័យដូចពោលហើយក្នុងគាថាខាងដើម ។ បទថា កាមគុណា មានអត្ថវិគ្គហៈថា ឈ្មោះថា កាម ព្រោះអត្ថថា ដែលសត្វគប្បីប្រាថ្នា ឈ្មោះថា គុណ ព្រោះអត្ថថា ជាគ្រឿង ចង ។ គុណ សព្ទ មានអត្ថថា ជាន់ ដូចក្នុងប្រយោគជាដើមថា អនុជានាមិ ភិក្ខវេ អហតានំ ទុស្សានំ អហតកប្បានំ ទ្វិគុណំ សង្ឃាដឹ ម្នាលភិក្ខុទាំងឡាយ កាលបើសំពត់នូវថ្មោង ឬសំពត់ដែលគេបោកលាងម្តង ហើយ តថាគតអនុញ្ញាត ( ឲ្យអ្នកទាំងឡាយធ្វើ ) សង្ឃាដិពីរជាន់ ដូច្នេះ ។