បរិញ្ញា៣យ៉ាង

ក្បាលទី 55 · ទំព័រ 254

គប្បីជ្រាបវិនិច្ឆ័យក្នុងនិទ្ទេសតទៅនេះ បទថា អធិវចនានិ ច សេចក្តីថា ពាក្យដែលពោលធ្វើឲ្យក្រៃលែង ត្រឹមតែពោលថា សិរីវឌ្ឍក ធនវឌ្ឍក ជាដើម ឈ្មោះថា អធិវចនា ។ គន្លងនៃពាក្យសម្តីដែលក្រៃលែង ឈ្មោះថា អធិវចនបថា ។ ពាក្យសម្តីដែលពោលចំពោះ ធ្វើឲ្យមានហេតុ ផលយ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ ព្រោះបច្ច័យទាំងឡាយតាក់តែង ដូច្នោះ ទើបឈ្មោះថា សង្ខារ ដូច្នេះ ឈ្មោះថា និរុត្តិ ។ គន្លងនៃភាសា ទាំងឡាយ ឈ្មោះថា និរុត្តិបថា ។ ឈ្មោះថា បញ្ញត្តិ ព្រោះបញ្ញត្តឡើង ដោយប្រការនោះៗ យ៉ាងនេះថា តក្កោ គឺត្រិះរិះ វិតក្កោ គឺការត្រិះរិះ សង្កប្បោ គឺតម្រិះ ។ គន្លងនៃបញ្ញត្តទាំងឡាយ ឈ្មោះថា បញ្ញត្តិបថា ។ បទដ៏សេសក្នុងទីទាំងពួង ជាក់ច្បាស់ហើយ ។ ព្រះមានព្រះភាគ ទ្រង់សម្តែងសូត្រនេះដោយធម៌ដ៏កំពូល គឺអរហត្ត ដោយប្រការដូច្នេះ ។ កាលចប់ទេសនា មានបុគ្គលសម្រេចធម៌ ដូចបាន ពោលហើយនោះឯង ។