កិលេសឈ្មោះថាឧបធិ

ក្បាលទី 55 · ទំព័រ 783

បុគ្គលគ្របសង្កត់ នូវធម្មជាតទាំងអស់នុ៎ះ គឺត្រជាក់ កម្តៅ គម្លាន សម្រេក ខ្យល់ និងកម្តៅថ្ងៃ របោម និងសត្វលូន ហើយ គប្បីប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស ។ ពាក្យថា ត្រជាក់ កម្តៅ គម្លាន សម្រេក សេចក្តីថា ត្រជាក់ ដោយហេតុ ២ គឺត្រជាក់ដោយអំណាចកម្រើកធាតុខាងក្នុង ឬត្រជាក់ដោយ អំណាចរដូវខាងក្រៅ ។ ពាក្យថា កម្តៅ បានដល់ កម្តៅដោយហេតុ ២ គឺ កម្តៅដោយអំណាចកម្រើកធាតុខាងក្នុង ឬកម្តៅដោយអំណាចរដូវខាងក្រៅ ។ ដែលហៅថា គម្លាន បានដល់ សេចក្តីឃ្លាន ។ ដែលហៅថា សម្រេក បាន ដល់ ការស្រេកទឹក ហេតុនោះ ( លោកពោលថា ) ត្រជាក់ កម្តៅ គម្លាន សម្រេក ។ ពាក្យថា ខ្យល់ និងកម្តៅថ្ងៃ របោម និងសត្វលូន ត្រង់ ពាក្យថា ខ្យល់ គឺខ្យល់ខាងកើត ខ្យល់ខាងលិច ខ្យល់ខាងជើង ខ្យល់ខាងត្បូង ខ្យល់មានធូលី ខ្យល់ត្រជាក់ ខ្យល់ក្តៅ ខ្យល់រំភើយ ខ្យល់យ៉ាងខ្លាំង ខ្យល់កំបុតត្បូង ខ្យល់គ្រុឌ ខ្យល់ស្លឹកត្នោត ខ្យល់ផ្លិត ។ ដែលហៅថា កម្តៅ ថ្ងៃ បានដល់ កម្តៅព្រះអាទិត្យ ។ ដែលហៅថា របោម បានដល់ ពួកមក្ខិកា លឿង ។ ដែលហៅថា សត្វលូន បានដល់ ពួកសត្វពស់ ហេតុនោះ ( លោកពោលថា ) ខ្យល់ និងកម្តៅថ្ងៃ របោម និងសត្វលូន ។ ពាក្យថា បុគ្គលគ្របសង្កត់ នូវធម្មជាតទាំងអស់នុ៎ះ គឺគ្រប សង្កត់ បង្រ្គប សង្កត់សង្កិន ញាំញី ហេតុនោះ ( លោកពោលថា ) បុគ្គល គ្របសង្កត់ នូវធម្មជាតទាំងអស់នុ៎ះ ។ គប្បីប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស ។ ហេតុនោះ ព្រះបច្ចេកសម្ពុទ្ធនោះពោលថា បុគ្គលគ្របសង្កត់ នូវធម្មជាតទាំងអស់នុ៎ះ គឺត្រជាក់ កម្តៅ គម្លាន សម្រេក ខ្យល់ និងកម្តៅថ្ងៃ របោម និងសត្វលូនហើយ គប្បី ប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស ។