ទ្រព្យគឺសទ្ធា

ក្បាលទី 55 · ទំព័រ 792

បុគ្គល គប្បីបានសាមយិកវិមុត្តិ ( វិមុត្តិប្រព្រឹត្តទៅ តាមសម័យ គឺវិមុត្តិជាលោកិយ ) ដោយហេតុណា ហេតុនោះ មិនមែនជាទីតាំង នៃបុគ្គលអ្នកត្រេកអរក្នុងពួកទេ បុគ្គលពិចារណា ពាក្យនៃព្រះពុទ្ធ ជាព្រះអាទិច្ចពន្ធុហើយ គប្បីប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស ។ ពាក្យថា បុគ្គលគប្បីបានសាមយិកវិមុត្តិ ដោយហេតុណា ហេតុនោះ មិនមែនជាទីតាំង នៃបុគ្គលអ្នកត្រេកអរក្នុងពួកទេ អធិប្បាយថា មែនពិត ព្រះមានព្រះភាគ បានត្រាស់ព្រះពុទ្ធដីកានេះថា ម្នាលអានន្ទ ភិក្ខុ មានការនៅច្រឡូកច្រឡំ ដោយពួកជាទីត្រេកអរ ត្រេកអរក្នុងការនៅច្រឡូក ច្រឡំដោយពួក ប្រកបរឿយៗ នូវសេចក្តីត្រេកអរ ក្នុងការនៅច្រឡូកច្រឡំ ដោយពួក មានពួកជាទីត្រេកអរ ត្រេកអរក្នុងពួក រួសរាយក្នុងពួក ប្រកបរឿយ ៗ នូវសេចក្តីត្រេកអរក្នុងពួក ជាកំណត់ សេចក្តីសុខក្នុងការចេញបួស សេចក្តីសុខក្នុងការស្ងាត់ សេចក្តីសុខក្នុងការស្ងប់ សេចក្តីសុខក្នុងការត្រាស់ដឹង ណា ( ភិក្ខុនោះ ) នឹងជាអ្នកបានតាមប្រាថ្នា បានដោយមិនក្រ បានដោយ មិនលំបាក នូវសេចក្តីសុខនោះ ហេតុការណ៍បែបនេះ មិនមានទេ ។ ម្នាល អានន្ទ លុះតែភិក្ខុណាចៀសចេញចាកពួក ហើយនៅតែម្នាក់ឯង សេចក្តី សុខនុ៎ះ ទើបមានប្រាកដដល់ភិក្ខុនោះ គឺថា សេចក្តីសុខក្នុងការចេញបួស សេចក្តីសុខក្នុងការស្ងាត់ សេចក្តីសុខក្នុងការស្ងប់ សេចក្តីសុខក្នុងការត្រាស់ដឹង ណា ( ភិក្ខុនោះ ) នឹងជាអ្នកបានតាមប្រាថ្នា បានដោយមិនក្រ បានដោយ