ចក្ខុជុំវិញ

ក្បាលទី 55 · ទំព័រ 282

ពាក្យថា តថាគតពោលថា … ឬជនទាំងឡាយណា កំណត់ដឹងនូវតណ្ហា ជាអ្នកមិនមានអាសវៈ ជនទាំងនោះឯង ឈ្មោះថា ឆ្លងឱឃៈបាន សេចក្តីថា ជនទាំងឡាយណា កំណត់ដឹងតណ្ហា ជាអ្នកមិនមានអាសវៈ តថាគតពោល និយាយថា ជនទាំងនោះ បានឆ្លងឱឃៈ គឺកាម ឆ្លងឱឃៈ គឺភព ឆ្លងឱឃៈ គឺទិដ្ឋិ ឆ្លងឱឃៈ គឺអវិជ្ជា ឆ្លងឡើង ឆ្លងចេញ កន្លង រំលង ប្រព្រឹត្តកន្លងនូវ គន្លងនៃសង្ខារទាំងអស់ ហេតុនោះ ( លោកពោលថា ) តថាគតពោលថា … ឬជនទាំងឡាយណា កំណត់ដឹងនូវតណ្ហា ជាអ្នកមិនមានអាសវៈ ជនទាំងនោះ ឯង ឈ្មោះថា ឆ្លងផុតឱឃៈបាន ។ ហេតុនោះ ព្រាហ្មណ៍នោះពោលថា ខ្ញុំព្រះអង្គរីករាយចំពោះពាក្យនុ៎ះ របស់ព្រះអង្គ ទ្រង់ស្វែងរកគុណ ដ៏ធំ បពិត្រព្រះគោតម ព្រះនិព្វានមិនមានឧបធិ ព្រះអង្គត្រាស់ទុក ល្អហើយថា តថាគតពោលថា ជនទាំងឡាយណា ក្នុងលោក នេះ លះបង់នូវអារម្មណ៍ទាំងអស់ ដែលឃើញក្តី ដែលឮក្តី ដែល ប៉ះពាល់ក្តី នូវសីល និងវត្តក្តី លះបង់នូវវិធីច្រើនប្រការទាំងអស់ ក្តី ឬជនទាំងឡាយណា កំណត់ដឹងនូវតណ្ហា ជាអ្នកមិនមានអាសវៈ ជនទាំងនោះឯង ឈ្មោះថា ឆ្លងផុតឱឃៈបាន ។ លុះចប់គាថាហើយ ។ បេ ។ នន្ទៈពោលថា បពិត្រព្រះអង្គដ៏ចម្រើន ព្រះមាន ព្រះភាគ ជាសាស្តារបស់ខ្ញុំព្រះអង្គ ខ្ញុំព្រះអង្គជាសាវ័ក ។