អដ្ឋកថា គាថាទី ១០

ក្បាលទី 55 · ទំព័រ 795

គប្បីជ្រាបវិនិច្ឆ័យក្នុងគាថាទី ១០ ដូចតទៅនេះ បទថា អដ្ឋាន តំ គឺ អដ្ឋានំ តំ អធិប្បាយថា នុ៎ះ មិនមែនហេតុ ។ លោកលុបនិគ្គហិតចេញ ជា អដ្ឋាន ដូចក្នុងបទជាដើមថា អរិយសច្ចាន ទស្សនំ ដូច្នេះ ។ បទថា សង្គណិការតស្ស បានដល់ ដែលត្រេកអរដោយពួក ។ បទថា យំ នេះ ជាពាក្យសម្តែងដល់ហេតុ ដូច ក្នុងបទថា យំ ហិរីយតិ ហិរីយិតព្វេន ត្រង់ដែលបុគ្គលខ្មាស ដោយអំពើ ដែលគួរខ្មាសជាដើម ។ បទថា ផុស្សយេ បានដល់ គប្បីជក់ ។ បទថា សាមយិកំ វិមុត្តឹ បានដល់ លោកិយសមាបត្តិ ។ ពិតហើយ លោកិយសមាបត្តិនោះ លោកហៅថា សាមយិកវិមុត្តិ ព្រោះផុតហើយចាកសត្រូវក្នុង សម័យដែលចិត្តអែបនែប ឆ្អែតស្កប់ស្កល់នោះឯង ។ នូវវិមុត្តិដែលមានក្នុង សម័យនោះ ។ ព្រះបច្ចេកពុទ្ធពោលថា អាត្មាពិចារណាពាក្យរបស់ព្រះ បច្ចេកពុទ្ធព្រះនាមអាទិច្ចពន្ធុដែលពោលថា ការដែលបុគ្គលត្រេកអរដោយ ការច្រឡូកច្រឡំដោយពួកគណៈហើយ គប្បីសម្រេចវិមុត្តិ មិនមែនជាឋានៈ មិនមែនជាហេតុឡើយ ហើយលះសេចក្តីត្រេកអរ ដោយការច្រឡូកច្រឡំ ដោយពួក ដោយគណៈ បដិបត្តិដោយឧបាយ ទើបបានសម្រេច ដូច្នេះ ។ បទដ៏សេស មានន័យដូចពោលហើយនោះឯង ។ គប្បីជ្រាបវិនិច្ឆ័យក្នុងនិទ្ទេសដូចតទៅ បទថា នេក្ខម្មសុខំ បានដល់ សេចក្តីសុខក្នុងបព្វជ្ជា ។ បទថា បវិវេកសុខំ បានដល់ សេចក្តី សុខក្នុងកាយវិវេក ចិត្តវិវេក និងឧបធិវិវេក ។ បទថា ឧបសមសុខំ បាន ដល់ សេចក្តីសុខដែលកើតអំពីផលសមាបត្តិ ដែលស្ងប់ចាកកិលេស ។ បទថា សម្ពោធិសុខំ បានដល់ សេចក្តីសុខក្នុងមគ្គ ។ បទថា និកាមលាភី បានដល់ អ្នកមានប្រក្រតីបានតាមបំណង ដោយអំណាចការពេញចិត្តរបស់ ខ្លួន ។