អដ្ឋកថាគាថាទី ១

ក្បាលទី 55 · ទំព័រ 800

គប្បីជ្រាបវិនិច្ឆ័យក្នុងគាថាទី ១ នៃវគ្គទី ៣ ដូចតទៅ បទថា ទិដ្ឋីវិសូកានិ បានដល់ ទិដ្ឋិ ៦២ ។ ទិដ្ឋិទាំងនោះ ឈ្មោះថា ជាចម្រូង ព្រោះអត្ថថា ប្រទូស្ត ចាក់ដោត ជាសត្រូវដល់សម្មាទិដ្ឋិ ក្នុងមគ្គ ។ ចម្រូងនៃទិដ្ឋិយ៉ាងនេះ ឈ្មោះថា ទិដ្ឋីវិសូកានិ ។ ឬថា ចម្រូង គឺទិដ្ឋិ ឈ្មោះថា ទិដ្ឋីវិសូកានិ ។ បទថា ឧបតិវត្តោ បានដល់ កន្លង បានហើយដោយមគ្គទស្សនៈ ។ បទថា បត្តោ និយាមំ បានដល់ ដល់នូវ ភាពជាអ្នកទៀង មិនធ្លាក់ចុះជាធម្មតា និងព្រោះមានការត្រាស់ដឹងខាងមុខ ។ ឬសម្រេចបឋមមគ្គ ដែលបានដល់សម្មត្តនិយាម គឺនិយាមប្រពៃ ដោយហេតុ ប្រមាណបុណ្ណេះ ដែលលោកពោលដល់សេចក្តីសម្រេចនៃកិច្ចក្នុងបឋមមគ្គ និងការបាននូវបឋមមគ្គនោះ ។ ឥឡូវនេះ ព្រះបច្ចេកសម្ពុទ្ធ សម្តែងដល់ការបាន មគ្គដ៏សេស ដោយបទនេះថា បដិលទ្ធមគ្គោ ។ បទថា ឧប្បន្នញាណោម្ញិ បានដល់ អាត្មាជាអ្នកមានបច្ចេកពោធិញ្ញាណកើតឡើងហើយ ។ ព្រះបច្ចេកសម្ពុទ្ធសម្តែងដល់ផល ដោយពាក្យនេះ ។ បទថា អនញ្ញនេយ្យោ បានដល់ ដែលបុគ្គលដទៃមិនត្រូវទូន្មានថា នេះជាសច្ចៈ នេះជាសច្ចៈ ដូច្នេះ ។ ព្រះបច្ចេកសម្ពុទ្ធសម្តែងភាពជាព្រះសយម្ភូ ដោយបទនេះ ឬសម្តែងនូវភាពជា អ្នកជំនាញដោយខ្លួនឯង ព្រោះមិនមានអ្នកដទៃដឹកនាំ ក្នុងបច្ចេកពោធិញ្ញាណ ដែលខ្លួនសម្រេចហើយ ឬកន្លងនូវចម្រូង គឺទិដ្ឋិទាំងឡាយដោយវិបស្សនា ដល់នូវមគ្គនិយាម ដោយមគ្គខាងដើម ជាអ្នកបានមគ្គដោយមគ្គដ៏សេស ជា អ្នកមានញាណដែលកើតហើយ ដោយផលញ្ញាណ ។ ឈ្មោះថា អនញ្ញនេយ្យោ ព្រោះសម្រេចធម៌ទាំងអស់នោះដោយខ្លួនឯង ។ បទដ៏សេស គប្បី ជ្រាបដោយន័យដែលពោលហើយនោះឯង ។