អដ្ឋកថា គាថាទី ២
គប្បីជ្រាបវិនិច្ឆ័យក្នុងគាថាទី ២ ដូចតទៅនេះ បទថា និល្លោលុបេ បានដល់ ជាអ្នកមិនលោភ ។ ពិតហើយ បុគ្គលណាត្រូវតណ្ហាក្នុងរសគ្របសង្កត់ បុគ្គលនោះ រមែងលោភខ្លាំង គឺ លោភរឿយៗ ។ ដោយហេតុនោះ ទើបហៅថា លោលុបេ ។ ព្រោះហេតុ នោះ ព្រះបច្ចេកសម្ពុទ្ធអង្គនេះ កាលហាមនូវលោភខ្លាំងនោះ ទើបពោលថា និល្លោលុបេ ។ ក្នុងបទថា និក្កុហោ នេះ វត្ថុសម្រាប់បោកបញ្ឆោត ៣ យ៉ាង មិន មានដល់បុគ្គលណា បុគ្គលនោះ លោកហៅថា និក្កុហោ ក៏ពិត តែគាថា នេះ មានអធិប្បាយដូចតទៅ ឈ្មោះថា និក្កុហោ ព្រោះមិនដល់នូវការ អស្ចារ្យក្នុងភោជនដែលគួរពេញចិត្តជាដើម ។ ក្នុងបទថា និប្បិបសោ នេះ សេចក្តីថា ការប្រាថ្នានឹងផឹក ឈ្មោះថា បិបសោ ។ ព្រោះមិនមាន បិបសោ នោះ ទើបឈ្មោះថា និប្បិបសោ ។ អធិប្បាយថា ជាអ្នកផុតចាក ការប្រាថ្នាបរិភោគដោយសេចក្តីលោភ ក្នុងរសឆ្ងាញ់ ។ ក្នុងបទថា និម្មក្ខោ នេះ សេចក្តីថា ឈ្មោះថា មក្ខោ ដែលមានលក្ខណៈធ្វើគុណអ្នកដទៃឲ្យ វិនាស ឈ្មោះថា និម្មក្ខោ ព្រោះមិនមាន មក្ខោ នោះ ។ ព្រះបច្ចេកសម្ពុទ្ធ ពោលសំដៅដល់ការមិនលុបគុណរបស់អ្នកដទៃ កាលខ្លួននៅជាគ្រហស្ថ ។ ក្នុងបទនេះថា និទ្ធន្តកសាវមោហោ ធម៌ ៦ យ៉ាង គឺអកុសល ៣ មាន រាគៈជាដើម និងទុច្ចរិត ៣ មានកាយទុច្ចរិតជាដើម គប្បីជ្រាបថា ជាបាបធម៌ ដូចទឹកចត់ ព្រោះអត្ថថា មិនផូរផង់តាមកំណើត ព្រោះអត្ថថា លះនូវភាវៈនៃ ខ្លួនហើយ កាន់យកភាវៈដទៃ និងព្រោះអត្ថថា ជាកាកសំណល់ ដូចព្រះមាន ព្រះភាគត្រាស់ ( អភិធម្មវិភង្គ ) ថា បណ្តាធម៌ទាំងនោះ ទឹកចត់ ៣ តើដូចម្តេច ។