អដ្ឋកថា គាថាទី ៣

ក្បាលទី 55 · ទំព័រ 816

ក្នុងគាថាទី ៣ មានសេចក្តីសង្ខេប ដូចតទៅនេះ សម្លាញ់ ឈ្មោះថា អាក្រក់ ព្រោះប្រកបដោយទិដ្ឋិអាក្រក់ ១០ យ៉ាង ។ ឈ្មោះថា អនត្ថទស្សី ព្រោះសម្តែងសេចក្តីវិនាសដល់អ្នកដទៃ និងឈ្មោះថា វិសមេ និវិដ្ឋោ ព្រោះមានកាយទុច្ចរិតជាដើម កុលបុត្រ អ្នកស្រឡាញ់ខ្លួន គប្បីវៀរសម្លាញ់អាក្រក់នោះ ដែលណែនាំនូវវត្ថុមិនជា ប្រយោជន៍ ដែលតាំងមាំក្នុងធម៌ខុស ។ បទថា សយំ ន សេវេ បានដល់ មិនគប្បីសេពគប់បុគ្គលនោះ គឺដោយអំណាចរបស់ខ្លួន ដោយប្រការដូច្នេះ ។ មានពាក្យអធិប្បាយថា ទោះអ្នកដទៃមានអំណាច តើអាចធ្វ្វើអ្វីបាន ។ បទថា បសុតំ បានដល់ បុគ្គលដែលបណ្តែតបណ្តោយខ្លួន មានអធិប្បាយ ថា ដែលជាប់នៅក្នុងបាបធម៌នោះៗ ដោយអំណាចនៃទិដ្ឋិ ។ បទថា បមត្តំ បានដល់ ជាអ្នកបណ្តោយចិត្តទៅហើយក្នុងកាមគុណ គឺវៀរចាកកុសលភាវនា បុគ្គលមិនគប្បីសេព គឺមិនគប្បីគប់រក បានដល់ មិនគប្បីចូលទៅជិតបុគ្គល បែបនោះ ដោយពិត គប្បីត្រាច់ទៅតែម្នាក់ឯង ដូចកុយរមាស ដូច្នោះ ។ គប្បីជ្រាបវិនិច្ឆ័យក្នុងនិទ្ទេសដូចតទៅ បទថា សយំ ន សេវេយ្យ បានដល់ មិនគប្បីចូលទៅរកដោយខ្លួនឯង ។ បទថា សាមំ ន សេវេយ្យ បានដល់ មិនគប្បីចូលទៅជិត ដោយហោចសូម្បីត្រឹមតែចិត្ត ។ បទថា ន សេវេយ្យ បានដល់ មិនគប្បីសេពគប់ ។ បទថា ន និសេវេយ្យ បានដល់ មិនចូលទៅសូម្បីក្នុងទីជិត ។ បទថា ន សំសេវេយ្យ បានដល់ គប្បីនៅឲ្យឆ្ងាយ ។ បទថា ន បដិសេវេយ្យ បានដល់ ចៀសចេញទៅ ។