អដ្ឋកថា គាថាទី ៤

ក្បាលទី 55 · ទំព័រ 821

ក្នុងគាថាទី ៤ មានសេចក្តីសង្ខេបដូចតទៅ បទថា ពហុស្សុតំ សេចក្តីថា ពហូសូត មាន ២ ពួក គឺពហូសូតក្នុងបរិយត្តិ ជំនាញដោយអត្ថក្នុងព្រះត្រៃបិដក ១ ពហូសូតក្នុង បដិវេធ ព្រោះចាក់ធ្លុះនូវមគ្គ ផល វិជ្ជា និងអភិញ្ញា ១ ។ បុគ្គលមានអាគមដែលមកហើយ ដោយការទ្រទ្រង់ចាំទុកបាន ឈ្មោះ ថា ធម្មធរោ ។ ឯបុគ្គលដែលប្រកបដោយកាយកម្ម វចីកម្ម និងមនោកម្ម ដ៏ឱឡារ ឈ្មោះថា ឧឡារោ ។ លោកដែលមានបដិភាណពាល់ត្រូវ ជាអ្នក មានបញ្ញារហ័ស និងជាអ្នកមានបញ្ញាពាល់ត្រូវរហ័ស ឈ្មោះថា បដិភានវា ។ ម្យ៉ាងទៀត គប្បីជ្រាបអ្នកមានបដិភាណ ៣ ពួក គឺបរិយត្តិបដិភាណ ១ បរិបុច្ឆាបដិភាណ ១ អធិគមបដិភាណ ១ ។ បុគ្គលដឹងច្បាស់ក្នុងបរិយត្តិ ឈ្មោះថា បរិយត្តិបដិភាណ ។ បុគ្គល ដឹងច្បាស់ក្នុងការសាកសួរ កាលគេសួរដល់អត្ថ ញេយ្យធម៌ លក្ខណៈ ឋានៈ អដ្ឋានៈ ឈ្មោះថា បរិបុច្ឆាបដិភាណ ។ បុគ្គលចាក់ធ្លុះនូវគុណវិសេសទាំងឡាយ មានមគ្គជាដើម ឈ្មោះថា បដិវេធបដិភាណ ។ បុគ្គលគួរសេពគប់មិត្រដែលជាពហូសូត ជាអ្នកទ្រទ្រង់នូវធម៌ មាន គុណក្រៃលែង មានបដិភាណបែបនោះ បន្ទាប់អំពីនោះ ដោយអានុភាព របស់មិត្រនោះ បានដឹងប្រយោជន៍ជាច្រើន ដោយចែកជាប្រយោជន៍ខ្លួន ប្រយោជន៍អ្នកដទៃ និងប្រយោជន៍ទាំង ២ ឬដោយចែកជាប្រយោជន៍បច្ចុប្បន្ន ប្រយោជន៍ខាងមុខ និងបរមត្ថប្រយោជន៍ បន្ទាប់អំពីនោះ កម្ចាត់នូវសេចក្តី សង្ស័យ ធ្វើនូវការសង្ស័យឲ្យអស់ទៅក្នុងឋានៈនៃសេចក្តីសង្ស័យថា អញ បានកើតហើយអស់កាលក្នុងអតីតឬហ្ន៎ ជាអ្នកធ្វើកិច្ចគ្រប់យ៉ាងស្រេចហើយ យ៉ាងនេះ គប្បីត្រាច់ទៅម្នាក់ឯង ដូចកុយរមាស ដូច្នោះ ។