តណ្ហាជាអាទានៈ
បុគ្គលមិនអើពើ មិនអាឡោះអាល័យនូវល្បែង នូវ សេចក្តីត្រេកអរ និងកាមសុខក្នុងលោក ជាអ្នកវៀរចាកគ្រឿងស្អិត ស្អាង អ្នកពោលពាក្យពិត គប្បីប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស ។ អធិប្បាយពាក្យថា នូវល្បែង នូវសេចក្តីត្រេកអរ និង កាមសុខក្នុងលោក ត្រង់ពាក្យថា ល្បែង បានដល់ ល្បែង ២ យ៉ាង គឺ ល្បែងប្រកបដោយកាយ ១ ល្បែងប្រកបដោយវាចា ១ ។ បេ ។ នេះល្បែង ប្រកបដោយកាយ ។ បេ ។ នេះល្បែងប្រកបដោយវាចា ។ ពាក្យថា សេចក្តី ត្រេកអរ ចំពោះពាក្យថា សេចក្តីត្រេកអរនេះ ជាឈ្មោះនៃសេចក្តីមិនអផ្សុក ។ ពាក្យថា កាមសុខ សេចក្តីថា មែនពិត ព្រះមានព្រះភាគបានត្រាស់ព្រះពុទ្ធ ដីកានេះថា ម្នាលភិក្ខុទាំងឡាយ កាមគុណនេះ មាន ៥ កាមគុណ ៥ តើដូចម្តេច រូប ដែលគប្បីដឹងដោយភ្នែក ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ ចិត្ត មានសភាពគួរស្រឡាញ់ ប្រកបដោយសេចក្តីប្រាថ្នា ជាទីតាំងនៃសេចក្តី ត្រេកអរ សំឡេង ដែលគប្បីដឹងដោយត្រចៀក ក្លិន ដែលគប្បីដឹងដោយ ច្រមុះ រស ដែលគប្បីដឹងដោយអណ្តាត ផោដ្ឋព្វៈ ដែលគប្បីដឹងដោយកាយ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត មានសភាពគួរស្រឡាញ់ ប្រកបដោយ សេចក្តីប្រាថ្នា ជាទីតាំងនៃសេចក្តីត្រេកអរ ម្នាលភិក្ខុទាំងឡាយ នេះឯង កាមគុណ ៥ ម្នាលភិក្ខុទាំងឡាយ សេចក្តីសុខសោមនស្សណា កើតឡើង ព្រោះអាស្រ័យកាមគុណ ៥ នេះ សេចក្តីសុខសោមនស្សនេះ តថាគត ហៅថា កាមសុខ ហេតុនោះ ( លោកពោលថា ) កាមសុខ ។ ពាក្យថា ក្នុងលោក គឺក្នុងមនុស្សលោក ហេតុនោះ ( លោកពោលថា ) នូវល្បែង នូវសេចក្តីត្រេកអរ និងកាមសុខក្នុងលោក ។