អដ្ឋកថា គាថាទី ៥

ក្បាលទី 55 · ទំព័រ 826

គប្បីជ្រាបវិនិច្ឆ័យក្នុងគាថាទី ៥ ដូចតទៅ ការលេង និងការត្រេកអរ បានពោលហើយខាងដើម ។ បទថា កាមសុខំ បានដល់ សុខក្នុងវត្ថុកាម ពិតហើយ វត្ថុកាម លោកពោល ថា ជាសេចក្តីសុខ ដោយភាពជានិស្ស័យជាដើមនៃសេចក្តីសុខ ។ ដូចព្រះមាន ព្រះភាគត្រាស់ ( ក្នុងសំយុត្តនិកាយ ខន្ធវារវគ្គ ) ថា រូបនេះជាសុខ មានសុខជាប់តាម ដូច្នេះ ។ ព្រះបច្ចេកសម្ពុទ្ធមិនធ្វើនូវការពេញចិត្ត គឺមិនធ្វើ នូវការពេញចិត្តក្នុងការលេង ការត្រេកអរ និងកាមសុខក្នុងឱកាសលោកនេះ មិនពិចារណាយ៉ាងនេះថា មានប្រការដូច្នេះ ឬជាសារៈ ។ បទថា អនបេក្ខមានោ បានដល់ មានប្រក្រតីមិនសម្លឹង ដោយមិនធ្វើនូវការពេញចិត្ត មិន ប្រាថ្នា មិនចង់បាន ជាអ្នកវៀរចាកគ្រឿងស្អិតស្អាង អ្នកពោលពាក្យពិត គប្បីប្រព្រឹត្តម្នាក់ឯង ។ ក្នុងបទទាំងនោះ គ្រឿងប្រដាប់មាន ២ យ៉ាង គឺគ្រឿងប្រដាប់សម្រាប់ អ្នកគ្រប់គ្រងផ្ទះ មានសំពត់សាដក ឈ្នួតក្បាល ផ្កា និងគ្រឿងក្រអូបជាដើម ១ គ្រឿងប្រដាប់សម្រាប់បព្វជិត មានគ្រឿងតាក់តែងឆត្រជាដើម ១ គ្រឿង ប្រដាប់នោះឯង ឈ្មោះថា វិភូសនដ្ឋានំ ។ ព្រោះហេតុនោះ គប្បីឃើញ សេចក្តីយ៉ាងនេះថា ព្រះបច្ចេកសម្ពុទ្ធវៀរចាកឋានៈនៃការប្រដាប់ ដោយវិរតិ ៣ យ៉ាង ជាអ្នកពោលពិត ព្រោះពោលមិនឃ្លៀងឃ្លាតដូច្នេះ ។