តេជៈគឺញាណ

ក្បាលទី 55 · ទំព័រ 830

កាមគុណនេះជាគ្រឿងជំពាក់ សេចក្តីសុខក្នុងកាមគុណ នេះ មានប្រមាណតិច កាមគុណនេះ មានសេចក្តីត្រេកអរតិច សេចក្តីទុក្ខ ក្នុងកាមគុណនេះ មានច្រើនក្រៃលែង កាមគុណនេះ ជាពក បុគ្គលអ្នកមានប្រាជ្ញា បានដឹងដូច្នេះហើយ គប្បីប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស ។ អធិប្បាយពាក្យថា កាមគុណនេះ ជាគ្រឿងជាប់ជំពាក់ សេចក្តីសុខក្នុងកាមនេះ មានប្រមាណតិច ពាក្យថា គ្រឿងជំពាក់ក្តី ថា សន្ទូចក្តី ថានុយក្តី ថាគ្រឿងថ្ពក់ក្តី ថាកង្វល់ក្តី នេះជាឈ្មោះនៃកាមគុណ ទាំង ៥ ។ ពាក្យថា សេចក្តីសុខក្នុងកាមនេះ មានប្រមាណតិច សេចក្តីថា មែនពិត ព្រះមានព្រះភាគ បានត្រាស់ព្រះពុទ្ធដីកានេះថា ម្នាលភិក្ខុទាំងឡាយ កាមគុណនេះមាន ៥ កាមគុណ ៥ តើដូចម្តេច រូបដែលគប្បីដឹងដោយភ្នែក ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត មានសភាពគួរស្រឡាញ់ ប្រកបដោយ សេចក្តីប្រាថ្នា ជាទីតាំងនៃសេចក្តីត្រេកអរ សំឡេងដែលគប្បីដឹងដោយត្រចៀក ក្លិនដែលគប្បីដឹងដោយច្រមុះ រសដែលគប្បីដឹងដោយអណ្តាត ផ្សព្វដែលគប្បី ដឹងដោយកាយ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត មានសភាពគួរ ស្រឡាញ់ ប្រកបដោយសេចក្តីប្រាថ្នា ជាទីតាំងនៃសេចក្តីត្រេកអរ ម្នាលភិក្ខុ ទាំងឡាយ ទាំងនេះឯងកាមគុណ ៥ ម្នាលភិក្ខុទាំងឡាយ សេចក្តីសុខ សោមនស្សណា កើតឡើងព្រោះអាស្រ័យកាមគុណ ៥ នេះ សេចក្តីសុខ សោមនស្សនេះ តថាគតហៅថា កាមសុខ សេចក្តីសុខនេះ មានប្រមាណ តិច សេចក្តីសុខនេះ ថោកទាប សេចក្តីសុខនេះ លាមក សេចក្តីសុខនេះ នាំមកនូវទុក្ខ ហេតុនោះ ( លោកពោលថា ) កាមគុណនេះ ជាគ្រឿងជំពាក់ សេចក្តីសុខក្នុងកាមនេះ មានប្រមាណតិច ។