អាសវៈ៤
ក្បាលទី 55 · ទំព័រ 317
ទីពឹង ដល់ខ្ញុំព្រះអង្គ ។ ពាក្យថា ចុះសេចក្តីទុក្ខ ( ក្នុងស្រះ ) នេះ មិនគប្បីមាន តទៅទៀត ដោយប្រការណា សេចក្តីថា ទុក្ខនេះ គប្បីរលត់ រម្ងាប់ ដល់នូវ ការវិនាស ស្ងប់រម្ងាប់ ក្នុងស្រះនេះឯង គឺសេចក្តីទុក្ខដែលកើតអំពីបដិសន្ធិ ទៀត មិនគប្បីកើតបាន គឺថា មិនគប្បីកើត មិនគប្បីកើតព្រម មិនគប្បី កកើតក្នុងកាមធាតុក្តី រូបធាតុក្តី អរូបធាតុក្តី កាមភពក្តី រូបភពក្តី អរូបភពក្តី សញ្ញាភពក្តី អសញ្ញាភពក្តី នេវសញ្ញានាសញ្ញាភពក្តី ឯកវោការភពក្តី ចតុវោការភពក្តី បញ្ចវោការភពក្តី គតិទៀតក្តី ឧបបត្តិទៀតក្តី បដិសន្ធិទៀតក្តី ភពក្តី សង្សារក្តី វដ្តៈក្តី គឺថា សេចក្តីទុក្ខនេះ គប្បីរលត់ រម្ងាប់ ដល់នូវការវិនាស ស្ងប់រម្ងាប់ ក្នុងស្រះនេះឯង ដោយប្រការណា ហេតុនោះ ( លោក សួរថា ) ចុះសេចក្តីទុក្ខ ( ក្នុងស្រះ ) នេះ មិនគប្បីមានតទៅទៀត ដោយ ប្រការណា ។