អដ្ឋកថា គាថាទី ២
គប្បីជ្រាបវិនិច្ឆ័យក្នុងគាថាទី ២ ដូចតទៅ បទថា អាវរណានិ បានដល់ នីវរណៈនោះឯង ។ នីវរណៈ ទាំងនោះ ដោយអត្ថ បានពោលហើយក្នុងឧរគសូត្រ ។ តែព្រោះនីវរណៈ ទាំងនោះរារាំងចិត្ត ដូចពពកបិទបាំងព្រះចន្ទ ឬព្រះអាទិត្យ ដូច្នោះ ទើប ត្រាស់ថា ជាគ្រឿងរារាំងចិត្ត ។ ព្រះបច្ចេកសម្ពុទ្ធលះនីវរណៈទាំងនោះបាន ដោយឧបចារៈ ឬដោយអប្បនា ។ បទថា ឧបក្កិលេសេ បានដល់ អកុសលធម៌ដែលចូលទៅបៀតបៀនចិត្ត ឬអភិជ្ឈាជាដើម ដូចត្រាស់ហើយក្នុង វត្ថោបមសូត្រ ( វត្ថូបមសូត្រ ) ជាដើម ។ បទថា ព្យបនុជ្ជ បានដល់ បន្ទោបង់ កម្ចាត់ អធិប្បាយថា លះ ដោយវិបស្សនានិងមគ្គ ។ បទថា សព្វេ បានដល់ មិនមានចំណែកសេសសល់ ។ បុគ្គលដល់ព្រមដោយសមថៈ និងវិបស្សនា ឈ្មោះថា អនិស្សិតោ ព្រោះលះនូវទិដ្ឋិនិស្ស័យ ដោយបឋមមគ្គ កាត់បង់នូវសេចក្តីស្នេហា និង ទោសៈ អធិប្បាយថា ( លះ ) តណ្ញារាគៈដែលប្រព្រឹត្តទៅហើយ ក្នុង លោកធាតុទាំង ៣ ដោយមគ្គដ៏សេស ដ្បិតថា ការជាប់ជំពាក់បុណ្ណោះ ហៅ ថា សេចក្តីស្នេហា និងទោសៈ ព្រោះជាបដិបក្ខចំពោះគុណធម៌ ។ បទ ដ៏សេស មានន័យដូចពោលហើយនោះឯង ។