អដ្ឋកថា គាថាទី ៧

ក្បាលទី 55 · ទំព័រ 893

គប្បីជ្រាបវិនិច្ឆ័យក្នុងគាថាទី ៧ ដូចតទៅ បទថា សីហោ បានដល់ សីហៈ ៤ ពួក គឺតិណសីហៈ ១ បណ្ឌុសីហៈ ១ កាឡសីហៈ ១ កេសរសីហៈ ១ ។ កេសរសីហៈ លោកពោលថា ប្រសើរជាងសីហៈទាំងនោះ ក្នុងទីនេះ លោកបំណងយក កេសរសីហៈនោះ ។ ខ្យល់មានច្រើនប្រភេទ មានខ្យល់ដែលបក់មកអំពីទិសខាងកើតជាដើម ផ្កាឈូកមានច្រើនប្រភេទ មានឈូកក្រហម និងឈូក-សជាដើម ។ បណ្តា ខ្យល់ និងផ្កាឈូកទាំងនោះ ខ្យល់ប្រភេទណាមួយ ផ្កាឈូកប្រភេទណាមួយ គួរទាំងអស់ ។ ក្នុងសេចក្តីនោះ ព្រោះការតក់ស្លុត រមែងមានដោយការ ស្រឡាញ់ខ្លួន ។ ម្យ៉ាងទៀត ការស្រឡាញ់ខ្លួន បូកលាបដោយតណ្ហា ។ ការស្រឡាញ់ខ្លួននោះ ក៏រមែងមានដោយសេចក្តីលោភដែលសម្បយុត្តដោយ ទិដ្ឋិ ឬវិប្បយុត្តចាកទិដ្ឋិ ។ ការស្រឡាញ់ខ្លួននោះ គឺតណ្ហានោះឯង ។ ការជាប់ ជំពាក់នៃអ្នកប្រាសចាកការពិចារណាក្នុងតណ្ហានោះ រមែងមានដោយ មោហៈ ម្យ៉ាងទៀត មោហៈ គឺអវិជ្ជានោះឯង ។ ក្នុងសេចក្តីនោះ ការលះ តណ្ហា រមែងមានដោយសមថៈ ។ ការលះអវិជ្ជា រមែងមានដោយវិបស្សនា ព្រោះហេតុនោះ ព្រះបច្ចេកសម្ពុទ្ធលះសេចក្តីស្រឡាញ់ក្នុងខ្លួន ដោយសមថៈ មិនតក់ស្លុតក្នុងការមិនទៀង និងភាពជាទុក្ខជាដើម ដូចសីហៈ មិនតក់ស្លុត ព្រោះសំឡេងទាំងឡាយ លះមោហៈ ដោយវិបស្សនា មិនជាប់ក្នុងខន្ធ និង អាយតនៈជាដើម ដូចខ្យល់មិនជាប់ក្នុងសំណាញ់ លះលោភៈ និងទិដ្ឋិដែល សម្បយុត្តដោយលោភៈ ដោយសមថៈ មិនជាប់ដោយលោភៈ ដែលមានការ ត្រេកអរក្នុងភពទាំងពួង ដូចផ្កាឈូកមិនជាប់ដោយទឹក ដូច្នោះ ។ ដោយបទ នេះ សីលជាបទដ្ឋាននៃសមថៈ សមថៈ គឺសមាធិ វិបស្សនា គឺបញ្ញា ដោយប្រការដូច្នេះ កាលធម៌ទាំង ២ នោះសម្រេច ខន្ធទាំង ៣ ក៏ឈ្មោះថា សម្រេចផងដែរ ។