អដ្ឋកថា គាថាទី ១០

ក្បាលទី 55 · ទំព័រ 904

គប្បីជ្រាបវិនិច្ឆ័យក្នុងគាថាទី ១០ ដូចតទៅ បទថា សញ្ញោជនានិ បានដល់ សំយោជនៈ ១០ ព្រះ បច្ចេកសម្ពុទ្ធទម្លាយសំយោជនៈ ១០ ដោយមគ្គនោះៗ ។ បទថា អសន្តសំ ជីវិតសង្ខយម្ហិ សេចក្តីថា ការរលត់នៃចុតិចិត្ត ហៅថា ការអស់ជីវិត ។ ព្រះបច្ចេកសម្ពុទ្ធ ឈ្មោះថា មិនតក់ស្លុតក្នុងការអស់ជីវិតនោះ ព្រោះលះនូវ ការជាប់ជំពាក់ក្នុងជីវិតបានហើយ ។ ព្រះបច្ចេកសម្ពុទ្ធ កាលសម្តែង សឧបាទិសេសនិព្វានធាតុរបស់ខ្លួនដោយគាថា មានប្រមាណប៉ុណ្ណេះហើយ កាលបញ្ចប់គាថា បានបរិនិព្វានហើយ ដោយអនុបាទិសេសនិព្វានធាតុ ដោយប្រការដូច្នេះ ។