បណ្តាញ២

ក្បាលទី 55 · ទំព័រ 325

គប្បីជ្រាបវិនិច្ឆ័យក្នុងកប្បសុត្តនិទ្ទេសទី ១០ ដូចតទៅ បទថា មជ្ឈេ សរស្មឹ លោកអធិប្បាយថា ក្នុងសង្សារដែលជាកណ្តាល ព្រោះមិនមានការប្រាកដទីបំផុតខាងដើម និងខាងចុង ។ បទថា តិដ្ឋតំ បាន ដល់ ដល់សត្វទាំងឡាយដែលតាំងនៅ ។ បទថា យថាយិទំ នាបរំ សិយា បានដល់ ដោយប្រការដែលទុក្ខនេះ មិនគប្បីកើតទៀត ។ បទថា អាគមនំ បានដល់ ការមកក្នុងទីនេះអំពីទីបំផុត ចំណែកខាងដើម ។ បទថា គមនំ បានដល់ ការទៅអំពីលោកនេះ ទៅកាន់ បរលោក ។ បទថា គមនាគមនំ បានពោលហើយ ដោយអំណាចទាំង ពីរយ៉ាងនោះ ។ បទថា កាលំ បានដល់ មរណកាល ។ បទថា គតិ បានដល់ ការកើត ។ បទថា ភវាភវោ បានដល់ ភពអំពីភព ។ បទថា ចុតិ ច បានដល់ ការឃ្លាតចាកភព ។ បទថា ឧបបត្តិ ច បានដល់ ការកើត របស់សត្វដែលចុតិហើយ ។ បទថា និព្វត្តិ ច បានដល់ ការប្រាកដ ។ បទថា ភេទោ ច បានដល់ ការទម្លាយខន្ធ ។ បទថា ជាតិ ច បានដល់ ការកើត ។ បទថា ជរា ច បានដល់ ការវិនាសនៃខន្ធទាំងឡាយ ។ បទថា មរណញ្ច បានដល់ ការលះបង់ជីវិត្រិន្ទិយ ។ បទថា បុរិមាបិ កោដិ ន បញ្ញាយតិ បានដល់ ទីបំផុតខាងដើមក៏មិនមាន គឺមិនប្រាកដ ។ ទីបំផុត ខាងចុងក៏ដូចគ្នា ។ បទថា ឯត្តកា ជាតិយោ បានដល់ អស់ជាតិជាទីបំផុត ។ បទថា វដ្តំ វត្តិ បានដល់ ការប្រព្រឹត្តទៅនៃសង្សារប្រព្រឹត្តទៅហើយ ។ បទថា តតោ បរំ ន វត្តតិ បានដល់ ផុតអំពីនោះហើយ មិនប្រព្រឹត្តទៅ ។ បទថា ហេវំ នត្ថិ បានដល់ មិនមានគឺមិនប្រាកដយ៉ាងនេះ ។ ហិ សព្ទ ជានិបាត ។ បទថា អនមតគ្គោយំ បានដល់ សង្សារនេះ មានទីបំផុតដឹងមិនបាន ។