អត្ថរបស់ សោត សព្ទ
ញាណកថា មាតិកុទ្ទេស សុតមយញ្ញាណុទ្ទេស ក្នុងឧទ្ទេស និងនិទ្ទេសនោះ នឹងពោលក្នុងឧទ្ទេសមុន សោត សព្ទ ក្នុង ពាក្យនេះថា សោតាវធានេ បញ្ញា សុតមយេ ញាណំ មានប្រភេទនៃអត្ថ ច្រើនយ៉ាង ។ ពិតហើយ សោត សព្ទនោះ ប្រាកដក្នុងអត្ថថា មំសសោត សោតវិញ្ញាណ ញាណសោត តណ្ញាសោតជាដើម ធ្នារនៃទឹក អរិយមគ្គ និងចិត្តសន្តតិ ។ ក៏ សោត សព្ទនេះ ប្រាកដក្នុងអត្ថថា មំសសោត ដូចក្នុងប្រយោគជាដើម ថា សោតាយតនំ សោតធាតុ សោត្រិន្ទិយំ សោតាយតនៈ សោតធាតុ សោត្រិន្ទិយ ដូច្នេះ ។ ប្រាកដក្នុងអត្ថថា សោតវិញ្ញាណ ដូចក្នុងប្រយោគជាដើមថា សោតេន សទ្ទំ សុត្វា ឮសំឡេងដោយត្រចៀក ដូច្នេះ ។ ប្រាកដក្នុងអត្ថថា ញាណសោត ដូចក្នុងប្រយោគជាដើមថា ទិព្វាយ សោតធាតុយា ដោយសោតធាតុដូចជាទិព្វ ដូច្នេះ ។ ប្រាកដក្នុងធម៌ទាំង ៥ មានតណ្ហាជាដើម ដូចក្នុងប្រយោគជាដើមថា យានិ សោតានិ លោកស្មិន្តិ យានិ ឯតានិ សោតានិ មយា កិត្តិតានិ បកិត្តិតានិ អាចិក្ខិតានិ ទេសិតានិ បញ្ញបិតានិ បដ្ឋបិតានិ វិវរិតានិ វិភជិតានិ ឧត្តានីកតានិ បកាសិតានិ ។ សេយ្យថិទំ តណ្ញាសោតោ ទិដ្ឋិសោតោ កិលេសសោតោ ទុច្ចរិតសោតោ អវិជ្ជាសោតោ ពាក្យថា ខ្សែទាំងឡាយ ណាក្នុងលោក សេចក្តីថា ខ្សែទាំងឡាយណា ដែលតថាគត ពោល ប្រាប់ សម្តែង បញ្ញត្ត តាំងទុក ញែក ចែក ធ្វើឲ្យងាយ ប្រកាសហើយថា ខ្សែ គឺតណ្ហា ខ្សែ គឺទិដ្ឋិ ខ្សែ គឺកិលេស ខ្សែ គឺទុច្ចរិត ខ្សែ គឺអវិជ្ជា ដូច្នេះ ។ ប្រាកដក្នុងអត្ថថា ធ្នារនៃទឹក ដូចក្នុងប្រយោគជាដើមថា អទ្ទសា ខោ ភគវា មហន្តំ ទារុក្ខន្ធំ គង្គាយ នទិយា សោតេន វុយ្ហមានំ ព្រះមាន ព្រះភាគ ទ្រង់បានទតឃើញកំណាត់ឈើដ៏ធំ កំពុងអណ្តែតតាមខ្សែទឹក ក្នុងឆ្នេរទន្លេគង្គា ដូច្នេះ