អត្ថរបស់ ធម្ម សព្ទ

ក្បាលទី 56 · ទំព័រ 41

ធម្មដ្ឋិតិញ្ញាណុទ្ទេស បទថា បច្ចយ ក្នុងបទថា បច្ចយបរិគ្គហេ បញ្ញា មានវិគ្គហៈថា ផល រមែងអាស្រ័យធម៌នោះកើត ព្រោះហេតុនោះ ធម៌នោះឈ្មោះថា បច្ច័យ ។ ពាក្យថា អាស្រ័យ បានដល់ មិនវៀរចាកធម៌ដែលជាបច្ច័យនោះ អធិប្បាយថា មិនលះបង់ ។ ពាក្យថា កើត បានដល់ រមែងកើតឡើងផង រមែងប្រព្រឹត្តទៅផង ។ ម្យ៉ាងទៀត មានអត្ថថា ឧបការៈ មានអត្ថថា ជាដែន កើតបញ្ញាក្នុងការកំណត់ជុំវិញ និងកំណត់នូវបច្ច័យទាំងឡាយ ព្រោះបច្ច័យ នោះមានច្រើនយ៉ាង ឈ្មោះថា បច្ចយបរិគ្គហេ បញ្ញា ។ ធម្ម សព្ទ ក្នុងបទថា ធម្មដ្ឋិតិញ្ញាណំ នេះ រមែងប្រាកដក្នុងអត្ថថា សភាវៈ បញ្ញា បុញ្ញ បញ្ញត្តិ អាបត្តិ បរិយត្តិ និស្សត្តតា វិការៈ គុណ បច្ច័យ បច្ចយុប្បន្នជាដើម ។ ធម្ម សព្ទនេះ ប្រាកដក្នុងអត្ថថា សភាវៈ ដូចក្នុងប្រយោគជាដើមថា កុសលា ធម្មា អកុសលា ធម្មា អព្យាកតា ធម្មា ពួកធម៌ជាកុសល ពួកធម៌ ជាអកុសល ពួកធម៌ជាអព្យាក្រឹត ដូច្នេះ ។ ធម្ម សព្ទ ប្រាកដក្នុងអត្ថថា បញ្ញា ដូចក្នុងប្រយោគជាដើមថា យស្សេតេ ចតុរោ ធម្មា សទ្ធស្ស ឃរមេសិនោ សច្ចំ ធម្មោ ធិតិ ចាគោ ស វេ បេច្ច ន សោចតិ ធម៌ទាំង ៤ នេះ គឺសច្ចៈ ១ ធម្មៈ ( បញ្ញា ) ១ ធិតិ ( ព្យាយាម ) ១ ចាគៈ ( ការបរិច្ចាគ ) ១ របស់បុគ្គលណា មានសទ្ធានៅគ្រប់គ្រង ផ្ទះ បុគ្គលនោះឯង រមែងមិនសោយសោកក្នុងលោកខាងមុខ ដូច្នេះ ។ ធម្ម សព្ទ ប្រាកដក្នុងអត្ថថា បុញ្ញ ដូចក្នុងប្រយោគជាដើមថា ន ហិ ធម្មោ អធម្មោ ច ឧភោ សមវិបកិនោ អធម្មោ និរយំ នេតិ ធម្មោ បបេតិ សូគតឹ សភាវៈទាំង ២ គឺកុសលធម៌ ១ អកុសលធម៌ ១ មិនមែនមានផល ស្មើគ្នាទេ អកុសលធម៌នាំសត្វទៅកាន់នរក កុសលធម៌ ញ៉ាំងសត្វឲ្យដល់នូវ សុគតិ ដូច្នេះ ។