អត្ថរបស់ សច្ច សព្ទ

ក្បាលទី 56 · ទំព័រ 172

សច្ចៈជារបស់ពិត មិនវិបល្លាសក្នុងធម៌ទាំង ៤ មានទុក្ខជាដើម ថាជាអត្ថនៃសច្ចៈ ដោយមិនប្លែកគ្នា ។ សច្ច សព្ទនេះ ប្រាកដក្នុងអត្ថច្រើនយ៉ាង រមែងប្រាកដក្នុងអត្ថថា វាចាសច្ច ដូចក្នុងប្រយោគជាដើមថា សច្ចំ ភណេន កុជ្ឈេយ្យ បុគ្គលគួរ ពោលពាក្យពិត ១ មិនគួរក្រោធ ១ ដូច្នេះ ។ រមែងប្រាកដក្នុងអត្ថថា វិរតិសច្ច ដូចក្នុងប្រយោគជាដើមថា សច្ចេ ឋិតា សមណព្រហ្មណា ច សមណៈ និងព្រាហ្មណ៍ដែលតាំងនៅក្នុងសច្ចៈ ដូច្នេះ ។ រមែងប្រាកដក្នុងអត្ថថា ទិដ្ឋិសច្ច ដូចក្នុងប្រយោគជាដើមថា កស្មា នុ សច្ចានិ វទន្តិ នានា បវាទិយាសេ កុសលាវទានា ព្រោះហេតុអ្វីហ្ន៎ បានជា សមណព្រាហ្មណ៍ទាំងឡាយ ដែលពោលលើកខ្លួនថាជាអ្នកឈ្លាសវៃ ជា អ្នកពោលតាមបំណងរបស់ខ្លួន តែងពោលសច្ចៈផ្សេងៗ គ្នា … ដូច្នេះ ។ រមែងប្រាកដក្នុងអត្ថថា បរមត្ថសច្ច គឺនិព្វាន និងមគ្គ ដូចក្នុងប្រយោគ ជាដើមថា ឯកំ ហិ សច្ចំ ន ទុតិយមត្ថិ យស្មឹ បជា នោ វិវទេ បជានំ ព្រោះថា បុគ្គលកាលដឹងច្បាស់ក្នុងសច្ចៈណា ទើបមិនទាស់ទែងគ្នា ឯសច្ចៈ នោះ មានតែមួយ មិនមែនមានពីរឡើយ ដូច្នេះ ។ រមែងប្រាកដក្នុងអត្ថថា អរិយសច្ច ដូចក្នុងប្រយោគជាដើមថា ចតុន្នំ សច្ចានំ កតិ កុសលា កតិ អកុសលា បណ្តាអរិយសច្ចទាំង ៤ អរិយសច្ច ជាកុសលប៉ុន្មាន ជាអកុសលបុន្មាន ដូច្នេះ ។ ក្នុងទីនេះ សច្ច សព្ទ នេះ រមែងប្រព្រឹត្តទៅក្នុងអត្ថថា អរិយសច្ច ដូច្នេះឯង ។ អដ្ឋកថាវិសជ្ជនុទ្ទេសដែលសង្គ្រោះក្នុងនិទ្ទេសវារៈ ចប់