បរិញ្ញេយ្យនិទ្ទេស

ក្បាលទី 56 · ទំព័រ 316

គប្បីជ្រាបវិនិច្ឆ័យក្នុងបរិញ្ញេយ្យនិទ្ទេសដូចតទៅនេះថា លោក សង្គ្រោះបរិញ្ញា ៣ គឺញាតប្បរិញ្ញា ១ តីរណប្បរិញ្ញា ១ បហានប្បរិញ្ញា ១ ដោយ បរិញ្ញា សព្ទក៏ពិត តែក្នុងនិទ្ទេសនេះ លោកបំណងយកតីរណបរិញ្ញា ប៉ុណ្ណោះ ព្រោះលោកពោលដល់ញាតប្បរិញ្ញា ដោយពាក្យថា អភិញ្ញេយ្យា ហើយក្នុងខាងដើម ព្រោះលោកពោលដល់បហានប្បរិញ្ញា ដោយពាក្យថា បហាតព្វា ក្នុងវគ្គតទៅ ។ បទថា ផស្សោ សាសវោ ឧបទានិយោ បានដល់ ផស្សៈដែលប្រព្រឹត្ត ទៅក្នុងភូមិ ៣ ជាបច្ច័យនៃអាសវៈ និងឧបាទាន ។ ពិតហើយ ផស្សៈនោះ ឈ្មោះថា សាសវោ ព្រោះធ្វើខ្លួនឲ្យជាអារម្មណ៍ ព្រមជាមួយអាសវៈដែល ប្រព្រឹត្តទៅ ឈ្មោះថា ឧបទានិយោ ព្រោះចូលដល់ភាពជាអារម្មណ៍ ហើយ អនុគ្រោះដល់ឧបាទានដោយការចងទុកជាមួយឧបាទាន ។ ព្រោះកាលកំណត់ ដឹងផស្សៈដោយតីរណប្បរិញ្ញាហើយ អរូបធម៌ដ៏សេស រមែងកំណត់ដឹងបាន ដោយមានផស្សៈជាប្រធាន និងរូបធម៌ រមែងកំណត់ដឹងបានដោយអនុលោម តាមផស្សៈនោះ ហេតុនោះ ទើបលោកពោលផស្សៈតែម្យ៉ាងប៉ុណ្ណោះ ។ ក្នុង ធម៌ដ៏សេស ក៏គប្បីប្រកបតាមដែលប្រកបបាន ដោយប្រការដូច្នេះ ។ បទថា នាមំ បានដល់ អរូបក្ខន្ធ ៤ និងនិព្វាន ។