អដ្ឋកថាបហាតព្វនិទ្ទេស
បទថា ភវតណ្ហា បានដល់ ការប្រាថ្នាក្នុងភព មានកាមភពជាដើម ដូចព្រះមានព្រះភាគត្រាស់ ( ក្នុងអភិធម្ម វិភង្គ ) ថា បណ្តាធម៌ទាំងនោះ ភវតណ្ហា តើដូចម្តេច ។ សេចក្តីប្រាថ្នាភពក្នុងភពទាំងឡាយ តម្រេកក្នុងភព សេចក្តីស្រើបស្រាលក្នុងភព សេចក្តីប្រាថ្នាក្នុងភព សេចក្តីស្នេហាក្នុងភព សេចក្តីអន្ទះអន្ទែងក្នុងភព សេចក្តីជ្រប់ក្នុងភព ការចុះចិត្តស៊ប់ក្នុងភពដូច្នេះ ។ បទថា តិស្សោ តណ្ហា បានដល់ កាមតណ្ហា ភវតណ្ហា វិភវតណ្ហា ក្នុង អភិធម្ម លោកសម្តែងតណ្ហាទាំងនោះ ( ក្នុងអភិធម្ម វិភង្គ ) យ៉ាងនេះថា បណ្តាតណ្ហាទាំង ៣ នោះ ភវតណ្ហា តើដូចម្តេច ។ តម្រេក តម្រេកខ្លាំង ។ បេ ។ តម្រេកខ្លាំងនៃចិត្តប្រព្រឹត្តទៅមួយអន្លើដោយភវទិដ្ឋិ នេះហៅថា ភវតណ្ហា ។ បណ្តាតណ្ហាទាំង ៣ នោះ វិភវតណ្ហា តើដូចម្តេច ។ តម្រេក តម្រេកខ្លាំង ។ បេ ។ តម្រេកខ្លាំងនៃចិត្តប្រព្រឹត្តទៅមួយអន្លើដោយឧច្ឆេទទិដ្ឋិ នេះហៅថា វិភវតណ្ហា ។ តណ្ហាដ៏សេស ឈ្មោះថា កាមតណ្ហា ។ បណ្តាតណ្ហាទាំង ៣ នោះ កាមតណ្ហា តើដូចម្តេច ។ តម្រេក តម្រេកខ្លាំង ។ បេ ។ តម្រេកខ្លាំងនៃចិត្ត ប្រកបដោយ កាមធាតុ នេះហៅថា កាមតណ្ហា ។ តម្រេក តម្រេកខ្លាំង ។ បេ ។ តម្រេកខ្លាំង នៃចិត្តប្រកបដោយរូបធាតុ និងអរូបធាតុ នេះហៅថា ភវតណ្ហា ។ តម្រេក តម្រេកខ្លាំង ។ បេ ។ តម្រេកខ្លាំងនៃចិត្តប្រព្រឹត្តទៅ មួយអន្លើដោយឧច្ឆេទទិដ្ឋិ នេះហៅថា វិភវតណ្ហា ដូច្នេះ ។ តែក្នុងអដ្ឋកថាពោលថា តម្រេកប្រព្រឹត្តទៅក្នុងកាមគុណ ៥ ឈ្មោះថា កាមតណ្ហា តម្រេកក្នុងរូបភព និងអរូបភព តម្រេកដែលសហគតៈដោយ ការប្រាថ្នាក្នុងឈាន និងសស្សតទិដ្ឋិ ការប្រាថ្នាដោយអំណាចភព ឈ្មោះថា ភវតណ្ហា តម្រេកដែលសហគត