អដ្ឋកថាភាវេតព្វនិទ្ទេស

ក្បាលទី 56 · ទំព័រ 364

គប្បីជ្រាបវិនិច្ឆ័យក្នុងភាវេតព្វនិទ្ទេសដូចតទៅ បទថា កាយគតាសតិ បានដល់ សតិសម្បយុត្តដោយមនសិការដល់ អានាបានស្សតិ ឥរិយាបថ ៤ ឥរិយាបថតូច អាការ ៣២ ធាតុ ៤ ព្រៃ ខ្មោច ៩ និងការកំណត់វត្ថុជាបដិកូលដែលពោលហើយក្នុងសូត្រ ដែល ពោលដោយកាយគតាសតិ និងសម្បយុត្តដោយរូបជ្ឈានតាមសមគួរ ។ សតិ នោះលោកពោលថា កាយគតា ព្រោះអត្ថថា ទៅ គឺប្រព្រឹត្តទៅក្នុងកាយ ទាំងនោះ ។ បទថា សាតសហគតា បានដល់ ភាវៈ មានការកើតឡើងព្រមគ្នាជាដើម មួយអន្លើដោយសេចក្តីសុខស្រួល ពោលគឺការសោយសុខដ៏ត្រជាក់ ។ សហគត សព្ទ ប្រាកដក្នុងជិនវចនៈ ចុះក្នុងអត្ថ ៥ ប្រការ គឺ តព្ភាវ ភាពរបស់នោះ ១ វោកិណ្ណ ពេញទៅដោយ ១ អារម្មណ អារម្មណ៍ ១ និស្សយ អាស្រ័យ ១ សំសដ្ឋ ច្រឡូកច្រឡំ ១ ។