សមុទយសច្ចនិទ្ទេស
គប្បីជ្រាបវិនិច្ឆ័យក្នុងសមុទយសច្ចនិទ្ទេសដូចតទៅនេះ បទថា យាយំ តណ្ហា បានដល់ តណ្ហានេះឯណា ។ បទថា បៀនព្ភវិកា មាន វិគ្គហៈថា ការធ្វើភពថ្មី ឈ្មោះថា បុនព្ភវ ឈ្មោះថា បៀនព្ភវិកា ព្រោះអត្ថថា តណ្ហាមានការធ្វើភពថ្មីជាប្រក្រតី ។ ម្យ៉ាងទៀត ឈ្មោះថា បៀនព្ភវិកា ព្រោះអត្ថថា រមែងឲ្យភពថ្មី រមែងប្រព្រឹត្តទៅក្នុងភពថ្មី រមែងឲ្យកើតភពរឿយៗ ។ តណ្ហានោះឲ្យភពថ្មីក៏មាន មិនឲ្យភពថ្មីក៏មាន ឲ្យប្រព្រឹត្តទៅក្នុងភពថ្មីក៏មាន មិនឲ្យប្រព្រឹត្តទៅក្នុងភពថ្មីក៏មាន ។ កាលឲ្យបដិសន្ធុិហើយ តណ្ហាក៏ត្រឹមតែ ជាការឲ្យផលក្នុងខន្ធដែលកើតហើយ ។ តណ្ហាទាំង ៣ ប្រការនោះ រមែងបាន ឈ្មោះថា បៀនព្ភវិកា ។ បាឋៈថា បេនព្ភវិកា ក៏មាន ឯសេចក្តីក៏ដូចគ្នា ។ ឈ្មោះថា នន្ទិរាគសហគតា ព្រោះអត្ថថា តណ្ហាសហគតៈដោយនន្ទិរាគៈ ពោល គឺសេចក្តីពេញចិត្តដ៏ក្រៃលែង មានពាក្យអធិប្បាយថា តណ្ហា ដល់នូវភាពតែមួយ ដោយអត្ថ ជាមួយនន្ទិរាគៈ ។ បទថា តត្រ តត្រាភិនន្ទិនី សេចក្តីថា តណ្ញាត្រេកអរក្រៃលែងក្នុងភព ដែលអត្តភាពកើត ឬត្រេកអរក្នុងអារម្មណ៍នោះៗ មានរូបជាដើម អធិប្បាយ ថា ត្រេកអរក្រៃលែងក្នុងរូប សំឡេង ក្លិន រស ផោដ្ឋព្វៈ និងធម្មារម្មណ៍ ។ បាឋៈថា តត្រ តត្រាភិនន្ទី ក៏មានសេចក្តីថា ឲ្យត្រេកអរក្រៃលែងក្នុងអារម្មណ៍ នោះៗ ។