អដ្ឋកថាសមុទយសច្ចនិទ្ទេស
បទថា សេយ្យថីទំ ជានិបាត សេចក្តីនៃបទនោះថា ប្រសិនបើសួរថា តណ្ហានោះដូចម្តេច ។ បទថា កាមតណ្ហា បានដល់ តណ្ហាក្នុងកាម បទនេះ ជាឈ្មោះនៃរាគៈ ដែលប្រព្រឹត្តទៅក្នុងកាមគុណ ៥ ។ បទថា ភវតណ្ហា បានដល់ តណ្ហាក្នុងភព ។ បទនេះ ជាឈ្មោះរបស់ រាគៈដែលសហគតៈដោយសស្សតទិដ្ឋិ ដែលកើតឡើងដោយសេចក្តីប្រាថ្នា ក្នុងភព គឺរាគៈក្នុងរូបភព អរូបភព និងសេចក្តីជាប់ចិត្តក្នុងឈាន ។ បទថា វិភវតណ្ហា បានដល់ តណ្ហាក្នុងវិភវៈ គឺប្រាសចាកភព ។ បទនេះ ជាឈ្មោះរបស់រាគៈដែលសហគតៈដោយឧច្ឆេទទិដ្ឋិ ។ ឥឡូវនេះ ដើម្បីសម្តែងទីកើតរបស់តណ្ហានោះដោយពិស្តារ ទើបព្រះថេរៈ ពោលថា សា ខោ បនេសា ជាដើម ។ ក្នុងបទទាំងនោះ បទថា ឧប្បជ្ជតិ បានដល់ កើត ។ បទថា និវិសតិ បានដល់ តាំងនៅដោយអំណាចប្រព្រឹត្តទៅរឿយៗ គប្បីជ្រាបការភ្ជាប់សេចក្តី ថា តណ្ហា កាលកើត រមែងកើតក្នុងទីណា កាលតាំងនៅ រមែងតាំងនៅក្នុងទីណា ។ បទថា យំ លោកេ បិយរូបំ សាតរូបំ បានដល់ វត្ថុណាមានសភាពគួរ ស្រឡាញ់ និងមានសភាពផ្អែមល្ញែមក្នុងលោក ។ គប្បីជ្រាបវិនិច្ឆ័យក្នុងបទ មានថា ចក្ខុ លោកេ ជាដើមដូចតទៅ សត្វ ទាំងឡាយដែលប្រកាន់មាំដោយភាពជារបស់អញ ក្នុងចក្ខុជាដើម ក្នុងលោក តាំងនៅក្នុងវត្ថុដែលដល់ព្រម រមែងសម្គាល់បសាទទាំង ៥ គឺចក្ខុរបស់ខ្លួន ផូរផង់ដោយការកាន់យកនិមិត្តក ្នុងកញ្ចក់ជាដើម ដូចសីហបញ្ជរធ្វើដោយកែវ មណីដែលបុគ្គលបើកហើយត្រង់វិមានមាស រមែងសម្គាល់សោតៈ ដូចឡតប្រាក់ និងដូចខ្សែសង្វារ ។ រមែងសម្គាល់ឃានៈដែលសន្មតថា ច្រមុះខ្ពស់ដូចហរិតាលដែលបុគ្គលលញ់តាំងទុក រមែងសម្គាល់ជិវ្ហាដែលឲ្យរសផ្អែមស្និទ្ធ ដូច ផ្ទាំងសំពត់កម្ពលក្រហម ។