មគ្គសច្ចនិទ្ទេស

ក្បាលទី 56 · ទំព័រ 460

គប្បីវិនិច្ឆ័យក្នុងមគ្គសច្ចនិទ្ទេសដូចតទៅ បទថា អយមេវ ជាពាក្យកំណត់ពិតប្រាកដ ដោយហាមមគ្គដទៃ ។ បទថា អរិយោ មានវិនិច្ឆ័យដូចតទៅ ឈ្មោះថា អរិយ ព្រោះឆ្ងាយចាក កិលេសដែលត្រូវសម្លាប់ដោយមគ្គនោះៗ ព្រោះធ្វើភាពជាព្រះអរិយៈ និង ព្រោះធ្វើការបានអរិយផល ។ ឈ្មោះថា អដ្ឋង្គិក ព្រោះអត្ថថា មគ្គនោះមាន អង្គ ៨ ។ មគ្គមានអង្គ ៨ នោះ ត្រឹមតែជាអង្គប៉ុណ្ណោះ ដូចសេនាមានអង្គ ៤ ដូចតន្រ្តីមានអង្គ ៥ ផុតពីអង្គហើយ មានមិនបាន ។ ឥឡូវនេះ ព្រះសារីបុត្តកាលសម្តែងថា មគ្គត្រឹមតែជាអង្គបុណ្ណោះ ផុតពី អង្គហើយ មានមិនបាន ទើបពោលពាក្យថា សម្មាទិដ្ឋិ ។ បេ ។ សម្មាសមាធិ ជាដើម ។ ក្នុងបទទាំងនោះ សម្មាទិដ្ឋិ មានការយល់ត្រូវជាលក្ខណៈ ។