សីលមយញ្ញាណនិទ្ទេស
បញ្ញាក្នុងការស្តាប់ហើយសង្រួម ឈ្មោះថា សីលមយញ្ញាណ តើដូចម្តេច សីល ៥ គឺបរិយន្តបារិសុទ្ធិសីល ១ អបរិយន្តបារិសុទ្ធិសីល ១ បរិបុណ្ណបារិសុទ្ធិសីល ១ អបរាមដ្ឋបារិសុទ្ធិសីល ១ បដិប្បស្សទ្ធិបារិសុទ្ធិសីល ១ ។ បណ្តាសីលទាំង ៥ នោះ បរិយន្តបារិសុទ្ធិសីល តើដូចម្តេច ។ សីល របស់អនុប្បសម្បន្នទាំងឡាយ ដែលមានសិក្ខាបទមានទីបំផុត នេះឈ្មោះថា បរិយន្តបារិសុទ្ធិសីល ។ អបរិយន្តបារិសុទ្ធិសីល តើដូចម្តេច ។ សីលរបស់ឧបសម្បន្នទាំងឡាយ ដែលមានសិក្ខាបទមិនមានទីបំផុត នេះឈ្មោះថា អបរិយន្តបារិសុទ្ធិសីល ។ បរិបុណ្ណបារិសុទ្ធិសីល តើដូចម្តេច ។ សីលរបស់កល្យាណបុថុជ្ជនទាំងឡាយ ដែលប្រកបក្នុងកុសលធម៌ ជាអ្នកបំពេញក្នុងអសេក្ខបរិយន្តសីល មិនស្តាយកាយ និងជីវិត ជាអ្នកមានជីវិតលះបង់ហើយ នេះឈ្មោះថា បរិបុណ្ណបារិសុទ្ធិសីល ។ អបរាមដ្ឋបារិសុទ្ធិសីល តើដូចម្តេច ។ សីលរបស់សេក្ខបុគ្គល ៧ ពួកន េះឈ្មោះថា អបរាមដ្ឋបារិសុទ្ធិសីល ។ បដិប្បស្សទ្ធិបារិសុទ្ធិសីល តើដូចម្តេច ។ សីលរបស់ព្រះខីណាស្រពជាសាវ័ក នៃព្រះតថាគត របស់ព្រះបច្ចេកពុទ្ធ របស់ព្រះតថាគតជាអរហន្តសម្មាសម្ពុទ្ធ នេះឈ្មោះថា បដិប្បស្សទ្ធិបារិសុទ្ធិសីល ។ សុត្តន្តបិដក ខុទ្ទកនិកាយ បដិសម្ភិទាមគ្គ ៥៤០ សីលមានទីបំផុតក៏មាន សីលមិនមានទីបំផុតក៏មាន ។ បណ្តា សីលទាំង ២ យ៉ាងនោះ សីលមានទីបំផុតនោះ តើដូចម្តេច ។ សីលមាន លាភជាទីបំផុតក៏មាន សីលមានយសជាទីបំផុតក៏មាន សីលមានញាតិជាទីបំផុត ក៏មាន សីលមានអវ័យវៈ ជាទីបំផុតក៏មាន សីលមានជីវិតជាទីបំផុត ក៏មាន ។ សីលមានលាភជាទីបំផុតនោះ តើដូចម្តេច ។