សមាធិភាវនាមយញ្ញាណនិទ្ទេស
ក្បាលទី 56 · ទំព័រ 612
គប្បីជ្រាបវិនិច្ឆ័យក្នុងសមាធិភាវនាមយញ្ញាណនិទ្ទេសដូចតទៅ ព្រះសារីបុត្ត កាលសម្តែងប្រភេទរបស់សមាធិ ផ្តើមតាំងអំពីពួក ១ រហូតដល់ ពួក ១០ ទើបពោលបទថា ឯកោ សមាធិ ជាដើម ។ ក្នុងបទទាំងនោះ បទថា ចិត្តស្ស ឯកគ្គតា សេចក្តីថា ឈ្មោះថា ឯកគ្គ ព្រោះអត្ថថា មានអារម្មណ៍ដ៏ប្រសើរ គឺយ៉ាងខ្ពង់ខ្ពស់ ព្រោះមិនមានការរាយ មាយទៅក្នុងអារម្មណ៍ផ្សេងៗ ភាពនៃ ឯកគ្គ នោះ ឈ្មោះថា ឯកគ្គតា ដើម្បីសម្តែងថា ឯកគ្គតានោះ មានដល់ចិត្ត មិនមែនមានដល់សត្វ ទើប លោកពោលថា ចិត្តស្ស ។ ក្នុងពួកទី ២ បទថា លោកិយោ មានវិនិច្ឆ័យថា វដ្តៈ ហៅថា លោក ដោយអត្ថថា បែកធ្លាយ សមាធិប្រកបហើយក្នុងលោក ដោយភាពជាសមាធិ ទាក់ទងនៅក្នុងវដ្តៈនោះ ព្រោះហេតុនោះ ទើបឈ្មោះថា លោកិយ ។ បទថា លោកុត្តរោ មានវិគ្គហៈថា ឈ្មោះថា ឧត្តរ ព្រោះឆ្លងឡើងហើយ ឈ្មោះថា លោកុត្តរ ព្រោះឆ្លងចាកលោកដោយភាពជាសមាធិ មិនទាក់ទង នៅក្នុងលោក ។