អដ្ឋកថាធម្មដ្ឋិតិញ្ញាណនិទ្ទេស

ក្បាលទី 56 · ទំព័រ 636

ម្យ៉ាងទៀត បទថា បវត្តំ នេះ ជាភាវនាម ប្រើក្នុងនបុំសកលិង្គ ព្រោះហេតុនោះ បវត្តំ ក៏គឺ បវត្តិ ដូចគ្នាតែមួយដោយអត្ថ ។ តែព្រោះ បវត្តិ សព្ទ ប្រាកដហើយ ទើបលោកពោលអត្ថប្រកបដោយ បវត្ត សព្ទនោះ ព្រោះ ឋិតិ សព្ទ ប្រើសូម្បីក្នុងអត្ថថា ទីតាំង ដើម្បីសម្តែងថា ឋិតិ សព្ទ ក្នុងទីនេះមិនមែនប្រើក្នុងអត្ថថា ទីតាំង តែប្រើក្នុងអត្ថថា ជាហេតុ ទើបលោក ពោលថា និមិត្តដ្ឋិតិ អធិប្បាយថា ឋិតិ ជាគ្រឿងសម្គាល់ គឺជាហេតុ ។ អវិជ្ជាមិនមែនត្រឹមតែជាគ្រឿងសម្គាល់ ( និមិត្ត ) តែម្យ៉ាងប៉ុណ្ណោះទេ ដែល ពិត ព្រះសារីបុត្ត កាលសម្តែងភាពដែលអវិជ្ជាអាចជាបច្ច័យថា រមែងប្រមូលមក រមែងព្យាយាម ហាក់ដូចជាមានសេចក្តីខ្វល់ខ្វាយក្នុងការឲ្យកើតសង្ខារ ទើបពោលថា អាយូហនដ្ឋិតិ អធិប្បាយថា ឋិតិ ជាហេតុប្រមូលមក ។ ព្រោះអវិជ្ជាឲ្យសង្ខារកើតឡើង ឈ្មោះថា ប្រកបក្នុងការកើត អធិប្បាយថា ព្យាយាម អវិជ្ជាឲ្យសង្ខារប្រព្រឹត្តទៅ ឈ្មោះថា ពាក់ព័ន្ធក្នុងការប្រព្រឹត្តទៅ អធិប្បាយថា ចងព័ទ្ធ ហេតុនោះ ទើបលោកពោលថា សញ្ញោគដ្ឋិតិ ជាទីតាំង នៃការប្រកប បលិពោធដ្ឋិតិ ជាទីតាំងនៃកង្វល់ អធិប្បាយថា ឋិតិ ជាហេតុ ប្រកប ជាហេតុកង្វល់ ។ ព្រោះអវិជ្ជាឲ្យសង្ខារកើត ឈ្មោះថា ជាហេតុកើត ព្រោះអត្ថថា ជាមូលហេតុនៃការកើត និងការប្រព្រឹត្តទៅ ទើបឈ្មោះថា សមុទយដ្ឋិតិ ព្រោះឋិតិជាហេតុឲ្យកើត អធិប្បាយថា ឋិតិ ជាមូលហេតុ ។ អវិជ្ជានោះឯងលោកពោលថា ហេតុដ្ឋិតិ ជាទីតាំងនៃហេតុ បច្ចយដ្ឋិតិ ជាទីតាំង នៃបច្ច័យ ព្រោះជាបច្ច័យឲ្យកើត ក្នុងការកើតឡើងនៃសង្ខារទាំងឡាយ ព្រោះជាបច្ច័យឧបត្ថម្ភក្នុងបវត្តិកាល អធិប្បាយថា ឋិតិ ជាទីតាំងនៃហេតុ ឋិតិ ជាទីតាំងនៃបច្ច័យ ។