ផលញ្ញាណនិទ្ទេស
[ ១៤៨-១៥១ ] គប្បីជ្រាបវិនិច្ឆ័យ ក្នុងផលញ្ញាណនិទ្ទេស ដូចតទៅនេះ បទថា តំបយោគប្បដិប្បស្សទ្ធត្តា បានដល់ ព្រោះភាពដែលបយោគៈ ដែលចេញទាំងខាងក្នុង និងខាងក្រៅនោះ ជាគុណជាតរម្ងាប់ហើយ ។ ពិត ហើយ មគ្គ ឈ្មោះថា រមែងធ្វើបយោគៈដែលចេញចាកទាំងពីរ ទាំងខាងក្នុង និងខាងក្រៅ ដោយការលះកិលេសក្នុងខណៈរបស់ខ្លួន ។ ការរម្ងាប់ដែលជា បយោគៈ ដែលចេញចាកទាំងពីរ ទាំងខាងក្នុង និងខាងក្រៅនៃមគ្គ ឈ្មោះថា ស្ងប់ហើយ ព្រោះលះកិលេសបានក្នុងខណៈនៃផល ។ បទថា ឧប្បជ្ជតិ បានដល់ ញាណ រមែងកើតឡើងមួយដង ឬពីរដង ក្នុង លំដាប់នៃមគ្គ ។ តែកើតឡើងច្រើនដងក្នុងកាលនៃផលសមាបត្តិ រមែងកើត ដល់អ្នកចេញពីនិរោធ ២ ដង ញាណសូម្បីទាំងអស់រមែងកើតឡើង ព្រោះ ជាគុណជាតរម្ងាប់បយោគៈដែលចេញនោះ ។ បទថា មគ្គស្សេតំ ផលំ បានដល់ លោកសម្លឹងដល់ផលទើបធ្វើ ( បយោគប្បដិប្បស្សទ្ធិ ) ឲ្យជានបុំសកលិង្គ ។ សូម្បីក្នុងខណៈនៃ សកទាគាមិមគ្គជាដើម ក៏គប្បីជ្រាបការប្រកបការចេញ ដោយអំណាចអង្គនៃ មគ្គនីមួយៗ នោះឯង ។ បញ្ញាក្នុងការឃើញនូវកិលេសដែលដាច់ ឈ្មោះថា វិមុត្តិញ្ញាណ តើដូចម្តេច ។ ពួកឧបក្កិលេសនៃចិត្តរបស់ខ្លួន គឺសក្កាយទិដ្ឋិ វិចិកិច្ឆា សីលព្វតបរាមាសៈ ទិដ្ឋានុស័យ វិចិកិច្ឆានុស័យ លោកផ្តាច់បង់ប្រពៃ ហើយ ដោយសោតាបត្តិមគ្គ ចិត្តរួចស្រឡះ ផុតស្រឡះដោយប្រពៃចាក ឧបក្កិលេស ៥ នេះឯង ព្រមទាំងបរិយុដ្ឋានក្កិលេស ( កិលេសជាគ្រឿង រួបរឹតចិត្ត ) ឈ្មោះថា ញាណ ដោយអត្ថថា ដឹងនូវការរួចស្រឡះចាកឧបក្កិលេសនោះ ឈ្មោះថា បញ្ញា ដោយអត្ថថា ដឹងច្បាស់ ហេតុនោះ លោក ពោលថា បញ្ញាក្នុងការឃើញនូវកិលេសដែលដាច់ ឈ្មោះថា វិមុត្តិញ្ញាណ ។