វត្ថុនានត្តញ្ញាណនិទ្ទេស
[ ១៦០-១៦២ ] គប្បីជ្រាបវិនិច្ឆ័យក្នុងវត្ថុនានត្តញ្ញាណនិទ្ទេស ដូចតទៅ បទថា ចក្ខុំ អជ្ឈត្តំ វវត្ថេតិ បានដល់ ព្រះយោគាវចរ រមែងកំណត់ ចក្ខុដែលមានក្នុងខាងក្នុង ។ ព្រះសារីបុត្តត្ថេរ បំណងនឹងពោលដោយអាការ ដែលព្រះយោគាវចរនោះកំណត់ចក្ខុ ទើបសួរថា បុគ្គលកំណត់ចក្ខុខាងក្នុង តើ ដូចម្តេច ហើយសម្តែងអាការកំណត់ទៀត ដោយបទថា ចក្ខុកើតហើយ ព្រោះអវិជ្ជាជាដើម ។ ក្នុងបទទាំងនោះ អវិជ្ជា និងតណ្ហា ដែលជាអតីតជាហេតុឧបត្ថម្ភកម្មដែល ជាអតីតជាហេតុឲ្យកើតអាហារ ជាហេតុឧបត្ថម្ភក្នុងបច្ចុប្បន្ន ដោយពាក្យនោះ ឈ្មោះថា លោកកាន់យកឧតុ និងចិត្តដែលជាគ្រឿងឧបត្ថម្ភចក្ខុដែរនោះឯង ។ បទថា ចតុន្នំ មហាភូតានំ ឧបទាយ ជាឆដ្ឋីវិភត្តិ ចុះក្នុងអត្ថនៃទុតិយាវិភត្តិ អធិប្បាយថា ចក្ខុអាស្រ័យមហាភូតរូប ៤ ហើយប្រព្រឹត្តទៅ ។ ដោយបទនេះ លោកសម្តែងដល់ភាពជាបសាទចក្ខុ បដិសេធភាពជាសសម្ភារចក្ខុ ។ បទថា ឧប្បន្នំ បានដល់ កើតឡើងចំពោះមុខដោយអំណាចនៃអទ្ធា ឬដោយអំណាចនៃខណៈដែលជាសន្តតិ ។ បទថា សមុទាគតំ បានដល់ តាំងឡើងហើយអំពីហេតុ ។ ដោយហេតុត្រឹមប៉ុណ្ណេះ លោកសម្តែងដល់ការកំណត់ ចក្ខុក្នុងចំណែកខាងដើមនៃវិបស្សនា ។ លោកសម្តែងដល់អនិច្ចានុបស្សនា ដោយបទថា អហុត្វា សម្ភូតំ ជាដើម ។ ឈ្មោះថា អហុត្វា សម្ភូតំ ព្រោះមិនមានអំពីការកើតក្នុងកាលមុន ។ ឈ្មោះថា ហុត្វា ន ភវិស្សតិ ព្រោះមិនមានអំពីការវិនាសខាងមុខ ។ បទថា អន្តវន្តតោ មានវិគ្គហៈថា ឈ្មោះថា អន្តវា ព្រោះអត្ថថា ចក្ខុនោះមាន ទីបំផុត ។ ការមានទីបំផុតនោះឯងឈ្មោះថា អន្តវន្តោ ដូចបទ ( ក្នុងថេរគាថា ) ថា គតិមន្តោ សតិមន្តោ ធិតិមន្តោ ច យោ ឥសិ មានញាណគតិ មានស្មារតី មានប្រាជាជាគ្រឿងទ្រទ