ភូមិនានត្តញ្ញាណនិទ្ទេស

ក្បាលទី 57 · ទំព័រ 69

គប្បីជ្រាបវិនិច្ឆ័យក្នុងភូមិនានត្តញ្ញាណនិទ្ទេសដូចតទៅ បទថា ភូមិយោ បានដល់ ចំណែក ឬខេត្តកំណត់ ។ កាម ក្នុងបទថា កាមាវចរ នេះ មាន ២ យ៉ាង គឺកិលេសកាម ១ វត្ថុកាម ១ ។ ឆន្ទរាគៈជាកិលេសកាម វដ្តៈដែលប្រព្រឹត្តទៅក្នុងភូមិ ៣ ជាវត្ថុក ាម ។ កិលេសកាម ឈ្មោះថា កាម ព្រោះអត្ថថា ឲ្យប្រាថ្នា វត្ថុកាម ឈ្មោះថា កាម ព្រោះអត្ថថា ដែលបុគ្គលប្រាថ្នា ។ កាម ២ យ៉ាងនោះ ត្រាច់ ទៅក្នុងប្រទេសណាដោយការប្រព្រឹត្តទៅ ប្រទេសនោះ ឈ្មោះថា កាមាវចរ ព្រោះអត្ថថា ជាទីត្រាច់ទៅនៃកាម ។ ប្រទេសនោះមាន ១១ គឺអបាយ ៤ មនុស្សលោក ១ និងទេវលោក ៦ ។ ដូចជាបុរស ព្រមទាំងឈ្មួញរទេះ ត្រាច់ទៅក្នុងប្រទេសណា ប្រទេសនោះ សូម្បីមានសត្វជើង ២ ជើង ៤ ដទៃត្រាច់ទៅ លោកក៏ហៅថា សសត្ថាវចរ ( ជាទីត្រាច់ទៅរបស់ពួកឈ្មួញ រទេះ ) ព្រោះកំណត់ឈ្មួញរទេះទាំងនោះ យ៉ាងណា សូម្បីកាលមានរូបាវចរ ជាដើមពួកដទៃ ត្រាច់ទៅក្នុងប្រទេសនោះ ប្រទេសនោះ លោកក៏ហៅថា កាមាវចរនោះឯង ព្រោះកំណត់កាមទាំងនោះក៏យ៉ាងនោះ ។ កាមាវចរនេះ លោកហៅថា កាមប៉ុណ្ណោះ ព្រោះលុបបទក្រោយ ដូចរូបភព លោកហៅថា រូប ។ ធម៌ឯណានីមួយ ដែលទាក់ទងដោយកាមនោះ ឈ្មោះថា កាមាវចរ ព្រោះអត្ថថា ត្រាច់ទៅក្នុងកាម ពោលគឺប្រទេស ១១ នេះ ។ សូម្បីធម៌ ឯណានីមួយក្នុងកាមាវចរនេះ ត្រាច់ទៅក្នុងរូបភព និងអរូបភពក៏ពិត តែធម៌ ទាំងនោះ ត្រាច់ទៅក្នុងទីដទៃ ក៏គប្បីជ្រាបថា ជាកាមាវចរដោយពិត ដូចដំរី បានឈ្មោះថាសង្គាមាវចរ ព្រោះត្រាច់ទៅក្នុងសង្រ្គាម សូម្បីត្រាច់ទៅក្នុងនគរ លោកក៏ហៅថា សង្គាមាវចរដូចគ្នា ។ សត្វទាំងឡាយត្រាច់ទៅលើគោក និង ក្នុងទឹក សូម្បីនៅក្នុងកន្លែងមិនមែនគោក និងមិនមែនទឹក លោកក៏ហៅថា សត្វគោក សត្វទឹក