អានន្តរិកសមាធិញ្ញាណនិទ្ទេស

ក្បាលទី 57 · ទំព័រ 120

គប្បីជ្រាបវិនិច្ឆ័យ ក្នុងអានន្តរិកសមាធិញ្ញាណនិទ្ទេសដូចតទៅក្នុង បទថា នេក្ខម្មវសេន ជាដើម មានអធិប្បាយដូចតទៅនេះ ធម៌ ៧ ប្រការ គឺនេក្ខម្មៈ អព្យាបាទ អាលោកសញ្ញា ការមិនរាយមាយ ការកំណត់ ធម៌ ញាណ និងបាមោជ្ជដែលប្រកបក្នុងឧបចារជ្ឈានរបស់ព្រះសុក្ខវិបស្សកៈ ដែលជាបដិបក្ខចំពោះកិលេសនោះៗ រមែងជាធម៌សម្បយុត្តជាមួយ ចិត្តមួយដួងប៉ុណ្ណោះ ។ បទថា ចិត្តស្ស ឯកគ្គតា អវិក្ខេបេ បានដល់ ភាពជាចិត្តដ៏កំពូលតែមួយ ឈ្មោះថា ឯកគ្គតា ។ ឈ្មោះថា អវិក្ខេប ព្រោះចិត្តមិនរាយមាយទៅក្នុងអារម្មណ៍ផ្សេងៗ ដោយឯកគ្គតានោះ ។ អធិប្បាយថា ភាពមិនរាយមាយ ពោលគឺ ភាពនៃចិត្តជាឯកគ្គតា ។ បទថា សមាធិ បានដល់ ឈ្មោះថា សមាធិ ព្រោះ ចិត្តតាំងនៅស្មើ ក្នុងអារម្មណ៍តែមួយ ។