អរណវិហារញ្ញាណនិទ្ទេស

ក្បាលទី 57 · ទំព័រ 128

[ ២១៥-២១៦ ] គប្បីជ្រាបវិនិច្ឆ័យ ក្នុងអរណវិហារញ្ញាណនិទ្ទេសដូចតទៅ ពាក្យថា អនិច្ចានុបស្សនាជាដើម មានន័យដូចបានពោលហើយ ។ បទថា សុញ្ញតោ វិហារោ បានដល់ អរហត្តផលសមាបត្តិដែលប្រព្រឹត្ត ទៅហើយដោយអាការនៃសុញ្ញត គឺភាពសូន្យទទេ របស់អ្នកចេញហើយ ដោយអនត្តានុបស្សនា ។ បទថា អនិមិត្តោ វិហារោ បានដល់ អរហត្តផលសមាបត្តិដែលប្រព្រឹត្តទៅហើយ ដោយអាការនៃអនិមិត្ត គឺមិនមាននិមិត្ត របស់អ្នកចេញហើយដោយអនិច្ចានុបស្សនា ។ បទថា អប្បណិហិតោ វិហារោ បានដល់ អរហត្តផលសមាបត្តិ ដែលប្រព្រឹត្តទៅហើយដោយអាការនៃអប្បណិហិត របស់អ្នកចេញហើយ ដោយទុក្ខានុបស្សនា ។ បទថា សុញ្ញតេ អធិមុត្តតា បានដល់ ភាពដែលចិត្តជាធម្មជាតបង្អោនទៅក្នុងភាពទទេ ដោយ អំណាចនៃបញ្ញាដែលជាចំណែកខាងដើមនៃផលសមាបត្តិ ។ សូម្បីក្នុងពីរបទ ដ៏សេស ក៏មានន័យនេះដូចគ្នា ។ ដោយបទ មានបទថា បឋមំ ឈានំ ជាដើម ព្រះសារីបុត្តពោលដោយ ឈានសមាបត្តិដែលជាអារម្មណ៍នៃវិបស្សនារបស់អ្នកប្រាថ្នា ដើម្បីចូលអរហត្តផលសមាបត្តិ ។ ពិតហើយ វិបស្សនា ផលសមាបត្តិ ការបេង្ហោនទៅក្នុង ធម៌ដែលប្រណីត និងឈានសមាបត្តិរបស់ព្រះអរហន្តនោះឯង រមែងគួរពោល ថា អរណវិហារ ព្រោះលះកិលេសទាំងពួងបានហើយ ។ បទថា បឋមេន ឈានេន នីវរណេ ហរតីតិ អរណវិហារោ អធិប្បាយថា បឋមជ្ឈាននោះ ឈ្មោះថា អរណវិហារ ព្រោះបុគ្គលដល់ព្រម ដោយបឋមជ្ឈាន រមែងនាំចេញនូវនីវរណៈដោយបឋមជ្ឈាន ។ សូម្បីក្នុងបទ ដ៏សេស ក៏មានន័យនេះដូចគ្នា ។ ក្នុងការមិនមាននីវរណៈរបស់ព្រះអរហន្ត គប្បីជ្រាបថា លោកពោលថា រមែងនាំចេញនូវនីវរណៈ ព្រោះបឋមជ្ឈាន ជាបដិបក្ខចំពោះនីវរណៈ ។