និរោធសមាបត្តិញ្ញាណនិទ្ទេស
[ ២១៧-២១៨ ] គប្បីជ្រាបវិនិច្ឆ័យក្នុងនិរោធសមាបត្តិញ្ញាណនិទ្ទេសដូចតទៅ បទថា សមថពលំ មានវិនិច្ឆ័យថា ឈ្មោះថា សមថ ព្រោះអត្ថថា ស្ងប់ ធម៌ដែលជាសត្រូវ មានកាមច្ឆន្ទៈជាដើម ។ សមថៈនោះឯង ឈ្មោះថា ជា ពល ដោយអត្ថថា មិនញាប់ញ័រ ព្រោះព្រះអនាគាមី និងព្រះអរហន្តនោះ ឯង ជាអ្នកដល់នូវភាពជាអ្នកធ្វើឲ្យបរិបូណ៌ក្នុងសមាធិ ដោយការលះ កាមច្ឆន្ទៈដែលជាបដិបក្ខចំពោះសមាធិ សមាធិរបស់ព្រះអនាគាមី និងព្រះអរហន្ត ទាំងនោះឯង ហៅថា សមថពលំ ព្រោះដល់នូវការមានកម្លាំង មិនមែនរបស់បុគ្គលដទៃ ។ បាថៈថា សមាធិពលំ ដូច្នេះក៏មាន ។ បទថា វិបស្សនាពលំ មានវិនិច្ឆ័យថា ឈ្មោះថា វិបស្សនា ព្រោះអត្ថថា ឃើញធម៌ដោយអាការច្រើនយ៉ាង ដោយភាពជារបស់មិនទៀងជាដើម វិបស្សនានោះឯង ឈ្មោះថា ជាពល ព្រោះអត្ថថា មិនញាប់ញ័រ ។ វិបស្សនាញាណ ដែលដល់នូវការមានកម្លាំង ក៏ជារបស់ព្រះអរិយៈទាំងពីរពួកនោះឯង ។ ក្នុងពល ២ យ៉ាងនោះ សមថពលក៏ដើម្បីស្ងប់ចិត្តសន្តានដោយលំដាប់ និងដើម្បីប្រព្រឹត្តទៅក្នុងនិរោធ ។ ចំណែកវិបស្សនាពល ក៏ដើម្បីឃើញទោស ក្នុងវដ្តៈ និងដើម្បីឃើញអានិសង្សក្នុងនិរោធ ។ បទថា នីវរណេ ជាសត្តមីវិភត្តិ ចុះក្នុងអត្ថនៃនិមិត្តសត្តមី ប្រែថា ព្រោះនីវរណៈ អធិប្បាយថា មាននីវរណៈជានិមិត្ត មាននីវរណៈជាបច្ច័យ ឬជាសត្តមីវិភត្តិ ចុះក្នុងអត្ថនៃតតិយាវិភត្តិ ប្រែថាព្រោះនីវរណៈ ។ បទថា ន កម្បតិ បានដល់ បុគ្គលអ្នកមានការដល់ព្រមក្នុងឈាន ។ ម្យ៉ាងវិញទៀត ព្រោះលោកបំណងយកអង្គនៃឈាន ថាជាឈាន ។ សមាធិដែលសម្បយុត្ត ដោយអង្គនៃឈាននោះ រមែងមិនញាប់ញ័រព្រោះនីវរណៈដោយបឋមជ្ឈាន ។ គប្បីកាន់យកការប្រកបនេះឯង ក្នុងនិទ្ទេសនេះ ។