សល្លេខដ្ឋញ្ញាណនិទ្ទេស
គប្បីជ្រាបវិនិច្ឆ័យ ក្នុងសល្លេខដ្ឋញ្ញាណនិទ្ទេសដូចតទៅនេះ បទថា រាគោ បុថុ បានដល់ រាគៈដាច់ដោយឡែកអំពីលោកុត្តរ អធិប្បាយ ថា មិនលាយឡំគ្នា ។ ក្នុងបទដ៏សេស ក៏មានន័យនេះ ។ ឈ្មោះថា រាគោ ព្រោះអត្ថថា ត្រេកត្រអាល ។ ឈ្មោះថា ទោសោ ព្រោះអត្ថថា ប្រទូស្ត ។ ឈ្មោះថា មោហោ ព្រោះអត្ថថា វង្វេង ។ ព្រះសារីបុត្ត កាលពោលកិលេសដែលជាប្រធានទាំង ៣ នេះ គឺរាគៈ មានការត្រេកត្រអាលជាលក្ខណៈ ទោសៈ មានការប្រទូស្តជាលក្ខណៈ មោហៈ មានការវង្វេងជាលក្ខណៈហើយ ឥឡូវនេះ កាលនឹងសម្តែងដោយប្រភេទ ទើបពោលបទជាដើមថា កោធោ ដូច្នេះ ។ ក្នុងបទទាំងនោះ បទថា កោធោ មានការអាក់អន់ជាលក្ខណៈ នេះ លោកបំណងយកសេចក្តីក្រោធដែលមានសត្វជាទីតាំង ។ ឧបនាហោ មាន ការចូលទៅចងទុកជាលក្ខណៈ គឺសេចក្តីក្រោធនោះឯងដែលដល់នូវការមាំទាំ ( មិនរសាយ ) ។ មក្ខោ មានការលុបគុណអ្នកដទៃជាលក្ខណៈ អធិប្បាយ ថា លុបបំបាត់គុណរបស់អ្នកដទៃ ។ បឡាសោ មានការវាយឫកស្មើជា លក្ខណៈ អធិប្បាយថា ឃើញគុណអ្នកដទៃដោយអំណាចប្រកាន់ថាស្មើគ្នា ។ ឥស្សា មានការធ្វើសម្បត្តិអ្នកដទៃឲ្យអស់ទៅជាលក្ខណៈ អធិប្បាយថា ច្រណែន ។ មច្ឆរិយំ មានការលាក់បាំងសម្បត្តិរបស់ខ្លួនជាលក្ខណៈ អធិប្បាយ ថា សម្បត្តិរបស់អញ កុំបីជារបស់អ្នកដទៃឡើយ ។ មាយា មានការបិទបាំង អំពើអាក្រក់ដែលខ្លួនធ្វើជាលក្ខណៈ អធិប្បាយថា ធ្វើជាមាយាដោយការបិទបាំង ។ សាឋេយ្យំ មានការប្រកាសគុណដែលមិនមានក្នុងខ្លួនជាលក្ខណៈ អធិប្បាយថា ភាពជាអ្នកអួតអាង ។ ថម្ភោ មានការធ្វើចិត្តឲ្យបោងឡើងជា លក្ខណៈ អធិប្បាយថា រឹងត្អឹង ។