អត្ថសន្ទស្សនញ្ញាណនិទ្ទេស

ក្បាលទី 57 · ទំព័រ 175

[ ២៣៩-២៤១ ] គប្បីជ្រាបវិនិច្ឆ័យក្នុងអត្ថសន្ទស្សនញ្ញាណនិទ្ទេស ដូចតទៅ បទថា បញ្ចក្ខន្ធា ជាដើម មានអត្ថដូចបានពោលហើយ ។ បទថា បកាសេតិ បានដល់ បញ្ញាធ្វើឲ្យប្រាកដ អធិប្បាយថា ញ៉ាំងការឃើញ ដោយញាណចក្ខុឲ្យបរិបូណ៌ដល់អ្នកស្តាប់ ។ បទថា នានាធម្មា លោក ពោលដល់ធម៌ទាំងពួងដែលជាលោកិយ និងលោកុត្តរ ។ បើសួរថា ព្រោះ ហេតុអ្វី ទើបលោកពោលធម៌ជាលោកិយប៉ុណ្ណោះ ក្នុងនិទ្ទេសនៃការប្រកាស ឆ្លើយថា លោកមិនពោលដល់ធម៌ជាលោកុត្តរ ព្រោះប្រារព្វការប្រកាសដោយ ភាពជារបស់មិនទៀងជាដើម និងព្រោះធម៌ជាលោកុត្តរ មិនរាប់ចូលក្នុងសម្មសនញ្ញាណ តែការប្រកាសដោយអាការដែលគួរប្រកាសធម៌ទាំងនោះ ជាការ ប្រកាសនោះឯង ព្រោះលោកសង្គ្រោះធម៌ទាំងនោះ ដោយការចង្អុលបង្ញាញ ធម៌ផ្សេងៗ និងដោយការចង្អុលបង្ញាញនូវការឃើញច្បាស់អត្ថ ។ បទថា បជហន្តោ អធិប្បាយថា ឲ្យអ្នកស្តាប់លះ ។ បទថា សន្ទស្សេតិ បានដល់ សម្តែងដល់អ្នកស្តាប់ដោយប្រពៃ ។ តែអាចារ្យពួកខ្លះ ពោលដោយន័យជាដើម ថា ព្រះយោគាវចររមែងឃើញច្បាស់នូវអត្ថនៃនេក្ខម្មៈ ព្រោះលះកាមច្ឆន្ទៈ បានហើយ ។ គប្បីជ្រាបថា លោកពោលន័យនេះដើម្បីសម្តែងថា កាលអ្នកស្តាប់ ធម៌ដ៏ត្រង់ទាំងនោះឯង ធ្វើការលះទោស និងបានចំពោះនូវគុណ ទេសនាញាណ រមែងដល់លំដាប់កំពូល ។ បញ្ញាក្នុងការត្រាស់ដឹង នូវការសង្គ្រោះធម៌ទាំងពួង ឲ្យមក តែមួយនូវកិលេស មានភាពផ្សេងៗ និងគុណ មានភាពតែមួយ ឈ្មោះថា ទស្សនវិសុទ្ធិញ្ញាណ តើដូចម្តេច ។ ឈ្មោះថា ធម៌ទាំងពួង បានដល់ ខន្ធ ៥ ។ បេ ។ ពួកអបរិយាបន្នធម៌ ។ ពាក្យថា សង្គ្រោះឲ្យមកតែមួយ គឺធម៌ទាំងពួង លោករួបរួមមកតែមួយ វិញ ដោយអាការ ១២ គឺដោយអត្ថថា ពិត ១ ដោយអត្ថថា មិនមែនខ្លួន ១ ដោយអត្ថថា ទៀង ១