ឥទ្ធិវិធញ្ញាណនិទ្ទេស
គប្បីជ្រាបវិនិច្ឆ័យ ក្នុងឥទ្ធិវិធញ្ញាណនិទ្ទេសដូចតទៅ បទថា ឥធ ភិក្ខុ បានដល់ ភិក្ខុក្នុងសាសនានេះ ។ ក្នុងបទនេះថា ឆន្ទសមាធិប្បធានសង្ខារសមន្នាគតំ មានពាក្យអធិប្បាយដូចតទៅ សមាធិ មានឆន្ទៈ ជាហេតុ ឬសមាធិក្រៃលែងដោយឆន្ទៈ ឈ្មោះថា ឆន្ទសមាធិ ពាក្យនេះ ជាឈ្មោះរបស់សមាធិដែលបាន ព្រោះធ្វើកត្តុកម្យតាឆន្ទៈ ( សេចក្តីពេញចិត្ត ក្នុងការប្រាថ្នានឹងធ្វើ ) ឲ្យជាអធិបតី ។ សង្ខារដែលជាប្រធាន ឈ្មោះថា បធានសង្ខារ បទនេះ ជាឈ្មោះរបស់សេចក្តីព្យាយាម គឺសម្មប្បធានដែល ឲ្យសម្រេចកិច្ច ៤ យ៉ាង ។ លោកធ្វើជាពហុវចនៈដោយអំណាចធ្វើកិច្ច ៤ យ៉ាង ឲ្យសម្រេច ។ បទថា សមន្នាគតំ បានដល់ ចូលដល់ហើយ ដោយឆន្ទសមាធិ និង បធានសង្ខារ ។ បទថា ឥទ្ធិបទំ សេចក្តីថា គំនរនៃចិត្ត និងចេតសិកដ៏សេស ដែលជាបាទ ដោយអត្ថថា សម្រេច ដោយបរិយាយនៃការសម្រេច ឬដោយ អត្ថថា អធិដ្ឋាននៃឆន្ទសមាធិ និងបធានសង្ខារដែលសម្បយុត្តដោយចិត្តជា កុសល មានឧបចារជ្ឈានជាដើម ដែលបានឈ្មោះថា ឥទ្ធិ ដោយបរិយាយនេះ ថា សត្វទាំងឡាយរមែងសម្រេច គឺសម្រេចហើយ ចម្រើនហើយ ដល់នូវ ភាពប្រសើរហើយ ដល់ឥទ្ធិនោះ ។ សមដូចព្រះតម្រាស់ដែលបានត្រាស់ក្នុង សុត្តន្តភាជនីយ ក្នុងឥទ្ធិបាទវិភង្គថា ពាក្យថា ឥទ្ធិបាទ គឺវេទនាខន្ធ ។ បេ ។ វិញ្ញាណក្ខន្ធរបស់បុគ្គលមានសភាពដូច្នេះ ។ ម្យ៉ាងទៀត ទ្រង់ត្រាស់ក្នុងអភិធម្មភាជនីយថា ពាក្យថា ឥទ្ធិបាទ គឺការពាល់ត្រូវ ការសោយអារម្មណ៍ ។ បេ ។ ការផ្គងទុក សេចក្តីមិនរាយមាយរបស់បុគ្គលមានសភាពដូច្នោះ ។ ព្រោះហេតុនោះ ក្នុងពាក្យនេះថា គំនរនៃចិត្ត និងចេតសិកដ៏សេស គប្បីជ្រាបថា លោកធ្វើឥទ្ធិនីមួយៗ ក្នុងឆន្ទសមាធិ និងបធានសង្ខារហើយ ធ្វើពាក្យដ៏សេស