មហាករុណាសមាបត្តិញ្ញាណ

ក្បាលទី 57 · ទំព័រ 283

បទថា ទុព្វណ្ណេ បានដល់ ប្រកបដោយពណ៌ សម្បុរមិនគួរប្រាថ្នា មិនគួរស្រឡាញ់ មិនគួរពេញចិត្ត ព្រោះប្រកបដោយផល របស់ទោសៈ អធិប្បាយថា មិនស្អាត មានរូបខុសប្រក្រតី ។ បទថា សុគតេ បានដល់ កើតក្នុងសុគតិភព ឬស្តុកស្តម្ភមានទ្រព្យច្រើន ព្រោះប្រកបដោយ ផលរបស់អលោភៈ ។ បទថា ទុគ្គតេ បានដល់ កើតក្នុងទុគ្គតិភព ឬក្រីក្រ មាន បាយ និងទឹកតិច ព្រោះប្រកបដោយផលរបស់លោភៈ ។ បទថា យថាកម្មូបគេ បានដល់ ប្រព្រឹត្តទៅតាមកម្មដែលបានសន្សំ លោកពោលដល់កិច្ចរបស់ ទិព្វចក្ខុដោយពាក្យដំបូងថា ចវមានេ ជាដើម ។ តែដោយបទនេះ លោកពោល ដល់កិច្ចនៃយថាកម្មូបគញ្ញាណ គឺញាណកំណត់ដឹងថា សត្វប្រព្រឹត្តទៅតាម កម្ម ។ មួយវិញទៀត លំដាប់នៃការកើតរបស់ញាណនោះ មានដូច្នេះថា ភិក្ខុ ក្នុងសាសនានេះចម្រើនអាលោកកសិណ មានមុខឆ្ពោះទៅកាន់នរកខាងក្រោម រមែងឃើញសត្វនរកទាំងឡាយ សោយទុក្ខធំក្រៃលែង ការឃើញនោះឯងជា កិច្ចរបស់ទិព្វចក្ខុ ភិក្ខុនោះមនសិការយ៉ាងនេះថា សត្វទាំងនេះ ធ្វើកម្មអ្វីហ្ន៎ ទើបត្រូវសោយទុក្ខនោះ គ្រានោះឯង ញាណមានកម្មនោះៗ ជាអារម្មណ៍ កើត ដល់ភិក្ខុនោះថា ព្រោះធ្វើកម្មនេះ ។ ម្យ៉ាងទៀត ភិក្ខុចម្រើនអាលោកកសិណ មានមុខឆ្ពោះទៅកាន់ទេវលោក ខាងលើ ឃើញសត្វទាំងឡាយសោយមហាសម្បត្តិក្នុងសួននន្ទនវ័ន មិស្សកវ័ន និងបារុសកវ័នជាដើម ។ ការឃើញនោះក៏ជាកិច្ចរបស់ទិព្វចក្ខុនោះឯង ។ ភិក្ខុនោះមនសិការយ៉ាងនេះថា សត្វទាំងនេះ ធ្វើកម្មអ្វីហ្ន៎ ទើបត្រូវសោយ សម្បត្តិនេះ គ្រានោះឯង ញាណមានកម្មនោះជាអារម្មណ៍ កើតដល់ភិក្ខុនោះថា ព្រោះធ្វើកម្មនេះ ឈ្មោះថា យថាកម្មូបគញ្ញាណ ។