នីវរណៈ

ក្បាលទី 57 · ទំព័រ 86

ដោយច្រើន លោកពោលដោយអំណាចនៃមនុស្សលោក ព្រោះមានឈានភាវនាក្នុងមនុស្សលោក ។ ម្យ៉ាងទៀត សូម្បីក្នុងទេវលោក កន្លែងខ្លះ គ្រាខ្លះ ក៏បានឈាន ។ សូម្បីក្នុងព្រហ្មលោកដែលជារូបព្រហ្មទាំងឡាយ ក៏នៅបានឈានដោយអំណាចអ្នកកើតក្នុងព្រហ្មលោកនោះ ដែលកើត ក្នុងជាន់ទាបចុះមក និងដែលកើតក្នុងជាន់ខ្ពស់ឡើងទៅ ។ តែក្នុងជាន់សុទ្ធាវាស និងជាន់អរូបាវចរ មិនមានអ្នកកើតក្នុងជាន់ទាបចុះមក ។ ក្នុងរូបាវចរ និង អរូបាវចរ អ្នកមិនចម្រើនឈាន កាលកើតក្នុងជាន់ទាបចុះមក រមែងកើតក្នុង កាមាវចរសុគតិប៉ុណ្ណោះ មិនកើតក្នុងទុគ្គតិ ។ បទថា តត្រូបបន្នស្ស បានដល់ វិបាកជ្ឈាន ៤ ដែលប្រព្រឹត្តទៅដោយ អំណាចបដិសន្ធិ ភវង្គ និងចុតិ របស់បុគ្គលអ្នកកើតក្នុងព្រហ្មលោក ដោយ អំណាចនៃវិបាក ។ លោកមិនបានពោលដល់កិរិយាដែលជាអព្យាក្រឹត ក្នុង ឈានសមាបត្តិដែលជារូបាវចរ និងអរូបាវចរ ។ សូម្បីលោកមិនបានពោល ក៏ពិត តែដោយពិតគប្បីជ្រាបថា កាលលោកពោលដល់កុសល ក៏ឈ្មោះថា ពោលដល់កិរិយាជាអព្យាក្រឹតផង ព្រោះប្រព្រឹត្តទៅស្មើគ្នា ដោយកុសល ដោយពិត ។ គប្បីជ្រាបក្នុងសេចក្តីនេះ ដូចក្នុងគម្ពីរបដ្ឋាន លោកសង្គ្រោះ កិរិយាជវ័នដោយការកាន់យកកុសលជវ័ននោះឯងថា បើកុសល និងអកុសល រលត់ហើយ ទើបវិបាកកើតឡើង ព្រោះអំពើនោះជាអារម្មណ៍ ដូច្នេះ ។ បទថា សាមញ្ញផលានិ បានដល់ សាមញ្ញផល ៤ ។ ដោយ បទនេះ លោកពោលដល់លោកុត្តរវិបាកដែលជាអព្យាក្រឹត ។ បទថា និព្វានំ បានដល់ និព្វានដែលជាអព្យាក្រឹត ។