តតិយជ្ឈាន

ក្បាលទី 57 · ទំព័រ 103

ហៅថា និរុត្តិ ព្រោះផ្តោតចំពោះយ៉ាងនេះ ( ក្នុងសំយុត្តនិកាយ ខន្ធវគ្គ ) ថា ម្នាលភិក្ខុទាំងឡាយ សភាវៈទាំងឡាយណា តាក់តែងនូវសង្ខតធម៌ សភាវៈ ទាំងឡាយនោះ ហៅថា សង្ខារ ដូច្នេះហើយ ពោលធ្វើឲ្យមានហេតុ ហៅថា ការពោល ព្រោះជាហេតុប្រារព្ធដល់អត្ថ ។ ម្យ៉ាងទៀត ឈ្មោះថា នាម នេះ មាន ៤ យ៉ាង គឺសាមញ្ញនាម ១ គុណនាម ១ កិត្តិមនាម ១ ឱបបាតិកនាម ១ ។ ក្នុងនាម ៤ យ៉ាងនោះ ក្នុងបឋមកប្ប ព្រះនាមរបស់ព្រះរាជាថា មហាសម្មតិរាជ ព្រោះមហាជនសម្មតិតាំងឡើង ឈ្មោះថា សាមញ្ញនាម ។ លោកពោលសំដៅដល់ពាក្យ ( ក្នុងទីឃនិកាយ បាដិកវគ្គ ) ថា ម្នាល វាសេដ្ឋៈ និងភារទ្វាជៈ សត្វនោះ មហាជនសន្មតហើយ ព្រោះហេតុនោះឯង ទើបអក្ខរៈជាដំបូងក៏កើតឡើងថា មហាសន្មត ដូច្នេះ ។