ចតុត្ថជ្ឈាន
ឈ្មោះដែលបានមក ដោយគុណយ៉ាងនេះថា ធម្មកថិកោ ព្រះធម្មកថិក បង្សុកូលិកោ អ្នកទ្រទ្រង់សំពត់បង្សុកូល វិនយធរោ អ្នកទ្រទ្រង់វិន័យ តិបិដកធរោ អ្នកទ្រទ្រង់បិដក ៣ សទ្ធោ អ្នកមានសទ្ធា សតោ អ្នកមានសតិ ដូច្នេះ ឈ្មោះថា គុណនាម ។ ឈ្មោះដោយគុណរបស់ព្រះតថាគតច្រើនរយ ឈ្មោះ មានឈ្មោះថា ភគវា អរហំ សម្មាសម្ពុទ្ធោ ជាដើម ដូចលោកពោលថា ព្រះនាមរបស់ព្រះតថាគត អ្នកស្វែងរកគុណដ៏ធំក្រៃលែង ព្រម ដោយគុណមានប្រមាណមិនបាន ។ បណ្ឌិតគួរលើកព្រះនាម ដោយព្រះគុណឡើងសម្តែង សូម្បីទាំងពាន់ព្រះនាម ។ ក្នុងថ្ងៃដាក់ឈ្មោះក្មេងដែលទើបនឹងកើត ពួកញាតិនាំគ្នាធ្វើសក្ការៈ ដល់ ទក្ខិណេយ្យបុគ្គលហើយ នៅក្នុងទីជិតៗ កំណត់ដាក់ឈ្មោះថា ទារកនេះ ឈ្មោះនោះ ដូច្នេះ នេះឈ្មោះថា កិត្តិមនាម ។ ម្យ៉ាងទៀត ការបញ្ញត្តិអំពីមុន ក៏ធ្លាក់ដល់ការបញ្ញត្តិបន្តមក វោហារអំពីមុន ក៏ធ្លាក់ដល់វោហារខាងក្រោយ ។ ដូចក្នុងបុរិមកប្ប ព្រះចន្ទ ក៏ឈ្មោះថា ចន្ទ សូម្បីមកដល់ពេលនេះ ក៏នៅឈ្មោះថា ចន្ទនោះឯង ។ ក្នុងអតីត សូរិយោ ព្រះអាទិត្យ សមុទ្ទោ សមុទ្ទ បឋវី ដី បព្វតោ ភ្នំ ក៏ឈ្មោះថា ភ្នំ សូម្បីឥឡូវនេះ ក៏នៅឈ្មោះថាភ្នំនោះឯង នេះឈ្មោះថា ឱបបាតិកនាម ។ ឈ្មោះសូម្បី ៤ យ៉ាងនេះ ក៏ជាឈ្មោះតែមួយនោះឯង ។ ឈ្មោះនោះ ប្រើ ត្រឹមតែជាការសង្កេតរបស់មនុស្សលោក ពោលដោយបរមត្ថ មិនមាន ។ ឯអាចារ្យពួកដទៃ ពោលថា ឈ្មោះថា នាម ជាសំឡេងបញ្ជាក់ដល់អត្ថ ។ គប្បីជ្រាបអត្ថនៃពល ពោជ្ឈង្គ និងអង្គមគ្គដោយទំនងដូចគ្នានឹងន័យដូច ពោលហើយនោះឯង ។