វិមុត្តិសុខញ្ញាណ២១
ក្នុងវេទនា ទាំងនោះ វេទនាសម្បយុត្តដោយសម្មាទិដ្ឋិជាកុសលប៉ុណ្ណោះ ។ ម្យ៉ាងទៀត ពួកសម្មាទិដ្ឋិអាស្រ័យសម្មាទិដ្ឋិ ធ្វើបុណ្យយ៉ាងនេះ គឺការបូជាព្រះពុទ្ធ ចាត់ចែង ប្រទីប និងផ្កា ស្តាប់ធម៌ក្នុងទីប្រជុំធំ សាងព្រះចេតិយក្នុងទិសដែលមិន ទាន់បានសាងជាដើម វេទនាដែលជាកុសល រមែងកើតដល់ជនសម្មាទិដ្ឋិទាំងនោះ ដោយប្រការដូច្នេះ ។ ជនសម្មាទិដ្ឋិទាំងនោះ អាស្រ័យសម្មាទិដ្ឋិនោះឯង រមែងជេរប្រទេចពួកមិច្ឆាទិដ្ឋិ លើកខ្លួនសង្កត់សង្កិនអ្នកដទៃ អកុសលវេទនា រមែងកើតដល់ជនសម្មាទិដ្ឋិទាំងនោះ ដោយប្រការដូច្នេះ ។ ចំណែកវិបាកវេទនា រមែងមានដល់អ្នកដែលទៅក្នុងភពដទៃ ។ ម្យ៉ាងទៀត សម្មាទិដ្ឋិនោះ រមែងជាបច្ច័យដល់វេទនាដែលកើតរួមគ្នាដែល រលត់ទៅភ្លាមៗ នោះ និងដែលជាបច្ចុប្បន្នដោយបច្ច័យដូចពោលហើយក្នុងមិច្ឆាទិដ្ឋិនោះឯង លោកិយសម្មាទិដ្ឋិ រមែងជាបច្ច័យដល់វេទនា ដែលសម្បយុត្ត ដោយបច្ចវេក្ខណៈ ដែលសម្បយុត្តដោយវិបស្សនា និងដែលសម្បយុត្តដោយ ការពេញចិត្តដោយអារម្មណប្បច្ច័យ លោកិយសម្មាទិដ្ឋិ រមែងជាបច្ច័យដោយ ឧបនិស្សយប្បច្ច័យ ដោយន័យដែលពោលហើយក្នុងមិច្ឆាទិដ្ឋិនោះឯង សម្មាទិដ្ឋិ ដែលជាមគ្គផល រមែងជាបច្ច័យដល់វេទនា ដែលសម្បយុត្តដោយបច្ចវេក្ខ- ណញ្ញាណដោយអារម្មណាធិបតិប្បច្ច័យ និងអារម្មណូបនិស្សយប្បច្ច័យ ។ បទថា សម្មាទិដ្ឋិវូបសមប្បច្ចយាបិ វេទយិតំ សេចក្តីថា មិច្ឆាទិដ្ឋិ ឈ្មោះ ថា ការស្ងប់សម្មាទិដ្ឋិ ព្រោះហេតុនោះ ការសោយវេទនាណា ដែលលោក ពោលព្រោះមិច្ឆាទិដ្ឋិជាបច្ច័យ ការសោយវេទនានោះឯង គប្បីជ្រាបថា ព្រោះ ការស្ងប់សម្មាទិដ្ឋិជាបច្ច័យ ។