តតិយសុត្តន្តនិទ្ទេស
[ ១៤៤-១៤៥ ] ព្រះសារីបុត្តត្ថេរ បំណងនឹងលើកព្រះសូត្រដទៃទៀត ហើយចង្អុលបង្ញាញដល់ការកំណត់ឥន្ទ្រិយ ទើបពោលពាក្យថា បញ្ចិមានិ ភិក្ខវេ ដូច្នេះជាដើម ។ បណ្តាបទទាំងនោះ បទថា សោតាបត្តិយង្គេសុ មានវិនិច្ឆ័យដូចតទៅ នេះថា អរិយមគ្គមានអង្គ ៨ ឈ្មោះថា សោត ការដល់នូវការសម្រេច យ៉ាងបរិបូណ៌នូវសោតៈ ឈ្មោះថា សោតាបត្តិ អង្គ គឺសម្ភារៈនៃ សោតាបត្តិ ឈ្មោះថា អង្គនៃសោតាបត្តិ អង្គនៃការបានក្នុងចំណែកខាងដើម ដោយភាពជាសោតាបន្ន បានដល់ អង្គនៃសោតាបត្តិ ៤ យ៉ាង ទាំងនេះគឺ ការសេពគប់សប្បុរសជាអង្គនៃសោតាបត្តិ ១ ការស្តាប់សទ្ធម្មជាអង្គនៃ សោតាបត្តិ ១ យោនិសោមនការជាអង្គនៃសោតាបត្តិ ១ ការបដិបត្តិធម៌ សមគួរដល់ធម៌ជាអង្គនៃសោតាបត្តិ ១ ។ បទដ៏សេស ខ្ញុំធ្លាប់ពោលទុក ហើយនោះឯង ។ ម្យ៉ាងទៀត បទនេះលោកពោលដើម្បីសម្តែងភាពដែលឥន្ទ្រិយទាំងនេះ ជាធំក្នុងវិស័យរបស់ខ្លួន ។ ប្រៀបោដូចសេដ្ឋីបុត្ត ៤ នាក់ កាលសម្លាញ់ មានព្រះរាជាដែលជាធំជាគម្រប់ ៥ ដើរទៅតាមផ្លូវ ដោយគិតថានឹងលេង នក្ខត្តឫក្ស កាលទៅដល់ផ្ទះរបស់សេដ្ឋីបុត្តទី ១ ជន ៤ នាក់ទៀតក្រៅពី នោះអង្គុយព្រងើយ ម្ចាស់ផ្ទះប៉ុណ្ណោះចាត់ចែងថា ពួកអ្នកចូរឲ្យខាទនីយៈ ភោជនីយៈដល់សម្លាញ់ទាំងនេះ ពួកអ្នកចូរឲ្យគ្រឿងក្រអូប ផ្កានិងគ្រឿង ប្រដាប់ជាដើម ដល់សម្លាញ់ទាំងនេះ ហើយដើរត្រួតពិនិត្យក្នុងផ្ទះ កាលទៅដល់ ផ្ទះជនទី ២ ទី ៣ ទី ៤ ជន ៤ នាក់ទៀតក្រៅពីនោះអង្គុយព្រងើយ ម្ចាស់ផ្ទះប៉ុណ្ណោះ ចាត់ចែងថា ពួកអ្នកចូរឲ្យខាទនីយៈ ភោជនីយៈដល់ សម្លាញ់ទាំងនេះ ពួកអ្នកចូរឲ្យគ្រឿងក្រអូប ផ្កានិងគ្រឿងប្រដាប់ជាដើមដល់ សម្លាញ់ទាំងនេះហើយដើរត្រួតពិនិត្យក្នុងផ្ទះ ។