ចរិយាវារ
មោក្ខាធិបតេយ្យដ្ឋេន បានដល់ ដោយអត្ថថា សទ្ធាជាធំក្នុងឥន្ទ្រិយដ៏សេស ពោលគឺការបង្អោនចិត្តជឿ អធិប្បាយថា ដោយអត្ថ គឺជាប្រធាននៃឥន្ទ្រិយ ដ៏សេស ។ បទថា សទ្ធម្មសវនេ មានវិគ្គហៈថា ធម៌របស់សប្បុរសឬធម៌ ស្អាត ព្រោះហេតុនោះទើបឈ្មោះថា ធម៌របស់លោក ( សប្បុរស ) ក្នុង ការស្តាប់ធម៌របស់លោកនោះ ។ បទថា យោនិសោមនសិការេ បានដល់ ការធ្វើទុកក្នុងចិត្តដោយឧបាយ ។ ក្នុងបទថា ធម្មានុធម្មប្បដិបត្តិយា គប្បី ជ្រាបសេចក្តីដូច្នេះថា ធម៌ដែលចូលដល់លោកកុត្តរធម៌ ៩ ឈ្មោះថា ធម្មានុធម្ម ការបដិបត្តិ គឺការបំពេញនូវធម្មានុធម្មៈ ដែលបានដល់សីល សមាធិ បញ្ញា ឈ្មោះថា ធម្មានុធម្មប្បដិបត្តិ ។ ក្នុង សម្មប្បធាន ជាដើម ក៏មាន ន័យនេះដូចគ្នា ។ អដ្ឋកថា បភេទគណននិទ្ទេស ចប់ ៥ ចរិយាវារ [ ១៤៧-១៥៦ ] ក្នុងចរិយាវារៈ គប្បីជ្រាបសេចក្តីដោយន័យនេះដូចគ្នា ។ លោកពោលបឋមវារៈដោយអំណាចនៃវេលាកើតឡើងនៃឥន្ទ្រិយទាំងឡាយ តែម្យ៉ាង លោកពោលចរិយាវារៈ ដោយអំណាចនៃវេលាសេពនិង ដោយអំណាចនៃវេលាបរិបូណ៌នៃឥន្ទ្រិយទាំងឡាយ ដែលកើតហើយ ។ ពិតណាស់ ពាក្យថា ចរិយា បកតិ ឧស្សន្នតា ( ការប្រព្រឹត្តប្រក្រតីភាព ធម៌ដែលច្រើនក្នុងចិត្ត ) ដោយសេចក្តីក៏ដូចគ្នានោះឯង ។ អដ្ឋកថា ចរិយាវារៈ ចប់ ៥