ចារវិហារនិទ្ទេស
ឥឡូវនេះ ព្រះសារីបុត្តត្ថេរបំណងចង្អុលបង្ញាញការកំណត់ ឥន្ទ្រិយ ដោយបរិយាយដទៃ ដោយអំណាចនៃការចង្អុលបង្ញាញការប្រព្រឹត្ត និងវិហារធម៌ដែលសម្ពន្ធជាមួយចរិយានោះឯង ទើបលើកមាតិកាថា ចារោ ច វិហារោ ច ជាដើម ហើយពោលចង្អុលបង្ញាញមាតិការនោះ ។ ក្នុង បទទាំងនោះ ជាបឋមក្នុងឧទ្ទេសគប្បីជ្រាបសម្ពន្ធនៃឧទ្ទេសថា សព្រហ្មចារី ដែលដឹងច្បាស់ ជឿមាំក្នុងបុគ្គលដែលប្រព្រឹត្ត ក្នុងឋានៈដែលជ្រាលជ្រៅថា បុគ្គលនេះសម្រេចហើយឬថានឹងសម្រេចដោយពិត យ៉ាងណា ការប្រព្រឹត្ត និងវិហារធម៌របស់បុគ្គលដែលដល់ព្រមដោយឥន្ទ្រិយក៏ឈ្មោះថាសព្រហ្មចារី ដែលដឹងច្បាស់ ត្រាស់ដឹងហើយ ចាក់ធ្លុះហើយក៏យាងនោះ ។ ចរិយាក្នុងឧទ្ទេសនិងនិទ្ទេស ក៏គឺការប្រព្រឹត្តនោះឯង ពាក្យថា ចារោ និង ចរិយា ដោយអត្ថក៏ដូចគ្នានោះឯង ព្រោះហេតុនោះក្នុងនិទ្ទេសនៃពាក្យ ថា ចារោ លោកពោលថា ចរិយា ។ បទថា ឥរិយាបថចរិយា បានដល់ ការប្រព្រឹត្តិ អធិប្បាយថា ការប្រព្រឹត្តទៅនៃឥរិយាបថទាំងឡាយ ។ ក្នុង បទដ៏សេស ក៏មានន័យនេះដូចគ្នា ។ ចំណែកសេចក្តីផ្សេងគ្នាមានដូច្នេះថា អាយតនចរិយា គឺការប្រព្រឹត្តិនៃសតិសម្បជញ្ញៈក្នុងអាយតនៈទាំងឡាយ ។ បទថា បត្តិ បានដល់ ផល ។ ពិតហើយ ផលទាំងនោះ ដែលបុគ្គល រមែងសម្រេច ព្រោះហេតុនោះទើបហៅថា បត្តិ ។ ប្រយោជន៍ក្នុងបច្ចុប្បន្ន និងក្នុងភពខាងមុខរបស់សត្វលោក ឈ្មោះថា លោកត្ថ ។ ឥឡូវនេះព្រះសារីបុត្តត្ថេរ កាលនឹងសម្តែងភូមិរបស់ចរិយាទាំងនោះទើប លោកពោលពាក្យថា ចតូសុ ឥរិយាបថេសុ ជាដើម ។ បទថា សតិប្បដ្ឋានេសុ បានដល់ ក្នុងអារម្មណ៍ដែលជាសតិប្បដ្ឋាន ។ កាលពោលដល់ សតិប្បដ្ឋាន លោកក៏ពោលធ្វើពាក្យមិនឲ្យដទៃអំពីសតិ ឲ្យដូចជាដទៃដោយ អំណាចនៃវោហារ ។