ចតុត្ថសុត្តន្តនិទ្ទេស
ព្រះសារីបុត្តត្ថេរ កាលលើកព្រះសូត្រទី ១ មកហើយ ទើបចង្អុលបង្ញាញឥន្ទ្រិយទាំងឡាយ ដោយអាការដទៃទៀត ។ ក្នុងបទទាំងនោះ បទថា កតិហាការេហិ កេនដ្ឋេន ទដ្ឋព្វានិ បានដល់ គប្បីឃើញ ដោយអាការប៉ុន្មាន ។ ដោយបទថា កេនដ្ឋេន ទដ្ឋព្វានិ ព្រះសារីបុត្តត្ថេរ សួរដល់អាការដែលគប្បីឃើញនិងអត្ថដែលគប្បីឃើញ ។ បទថា ឆហាការេហិ កេនដ្ឋេន ទដ្ឋព្វានិ បានដល់ គប្បីឃើញដោយអាការ ៦ គប្បី ឃើញដោយអត្ថ ពោលគឺអាការ ៦ នោះឯង ។ បទថា អាធិបតេយ្យដ្ឋេន បានដល់ ដោយអត្ថថា ភាពជាធំ ។ បទថា អាទិវិសោធនដ្ឋេន បានដល់ ដោយអត្ថថា ជាគ្រឿងជម្រះសីលដែលជាខាងដើមនៃកុសលធម៌ទាំងឡាយ ។ បទថា អធិមត្តដ្ឋេន បានដល់ ដោយអត្ថថា មានកម្លាំង ពិតហើយ វត្ថុ ដែលមានកម្លាំង លោកហៅថា អធិមត្តំ ព្រោះមានប្រមាណក្រៃលែង ។ បទថា អធិដ្ឋានដ្ឋេន បានដល់ ដោយអត្ថថា ប្រតិស្ឋានមាំទាំ ។ បទថា បរិយាទានដ្ឋេន បានដល់ ដោយអត្ថថា អស់ទៅ ។ បទថា បតិដ្ឋាបកដ្ឋេន បានដល់ ដោយអត្ថថា ឲ្យតាំងនៅ ។